ភ្នំពេញ ៖ បុរសម្នាក់ទំនងជាងោកបានបើករថយន្តកុងតឺន័រក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតឡើងលើទ្រូងផ្លូវបុកបង្គោលដាក់ស្លាកសញ្ញាបាក់២ដើម រួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើមទៀត។ ចំណែកតៃកុងរថយន្តវិញ បើកទ្វារត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៤ និង៥០ នាទីទៀបភ្លឺឈានចូល ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ វេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា
មុនពេលកើតហេតុគាត់ឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ3C-4467 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុមិនប្រយ័ត្នបានរេចង្កូតឡើងលើទ្រូងផ្លូវ បន្តទៅបុកបង្គោលស្លាកសញ្ញានិងបង្គោលភ្លើងបាក់រាបដល់ដី។ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមានរបួសស្នាមទៅលើភាគីដទៃនោះទេ រងការខូចខាតតែរថយន្តនិងទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងខាងចរាចរណ៍ជំនាញខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចបានប្រគល់តួនាទីនេះ ទៅឲ្យខាងជំនាញក្រុងវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ ៕ រក្សាសិទ្ធិដោយ៖ សា មេត