ភ្នំពេញ ៖ ជាការពិតណាស់ កុមារភាគច្រើន តែងមានអត្តចរិតរឡិករឡក់ វាជាធម្មជាតិ ប៉ុន្តែ កុមារដែលមានអត្តចរិត និងកាយវិការមើលទៅហាក់ដូចចាស់ទុំ គឺពិតជាកម្រឃើញមានណាស់។
យ៉ាងណាមិញ កុមារីជាកូនស្រីជនជាតិបារាំងកាត់ខ្មែរមានមុខមាត់គួរឲ្យស្រឡាញ់ម្នាក់ ដែលមានអាយុប្រហែលខ្ទង់ ៥ ឆ្នាំ បានកំពុងទទួលការចាប់អារម្មណ៍ និងចែករំលែកជាមួយការស្រឡាញ់ចូលចិត្តជាខ្លាំង ក្រោយពីបានឃើញពីសកម្មភាពនាងតូច ចេះឱនលំទោន សំពះគោរពព្រះសង្ឃយ៉ាងល្អ និងថែមទាំងរៀបឥរិយាបទមើលទៅសុភាពរមទម្យដូចជាមនុស្សពេញវ័យអ៊ីចឹង។
ការចាប់អារម្មណ៍នេះ បានកើតឡើង គឺបន្ទាប់ពីគេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ Buddhism for Education of Cambodia(BEC) ដែលជា អង្គការ “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា” ហៅកាត់ថា “ពអក” បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ក្មួយស្រីខាងលើ និងឪពុកម្តាយរបស់នាង និងព្រមទាំងពុទ្ធបរិស័ទមកពីភ្នំពេញ បានរួមគ្នាធ្វើបុណ្យ ដោយប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួនដល់អង្គការនេះ។
សូមបញ្ចាក់ថា ទីតាំងកន្លែងអង្គការនេះ គឺនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ស្ថិតតាមបណ្តោយផ្លូវទៅប្រាសាទបាណន់ ហួសវត្តកំពង់សីមា ប្រមាណ ៦០០ ម៉ែត្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង