ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមរយៈ videoconference ជាមួយតំណាងធនាគារពិភពលោកដែលដឹកនាំដោយ លោកស្រី Mariam Sherman ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងមានការចូលរួមរបស់ថ្នាក់ដឹកនាំតំបន់ និងជំនាញការ សរុបប្រមាណ ១០ រូប។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី ២៧ មករាឆ្នាំ២០២០ ក្នុងគោលបំណង ពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងស្វែងរកលទ្ធភាពដែលធនាគារពិភពលោកអាចចូលរួមចំណែកគាំទ្រធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ទេសាភិបាល បានថ្លែងអំណរគុណ ធនាគារពិភពលោក ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារ ជាពិសេសទៅលើផ្នែក ចំណេះដឹងហិរញ្ញវត្ថុ, បរិយាបន្នហិរញ្ញវត្ថុ, ប្រព័ន្ធទូទាត់, កិច្ចការពារអតិថិជន, ប្រព័ន្ធការពារប្រាក់បញ្ញើ, ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាដើម។
ទន្ទឹមនេះ លោក ទេសាភិបាល ក៏បានជម្រាបពីស្ថានភាព និងវឌ្ឍនភាពនៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនធនាគារពិភពលោកផងដែរថា វិស័យធនាគារកម្ពុជាបន្តមានស្ថិរភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះវិធានការដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាក្នុងការឆ្លើយតបនឹងសម្ពាធនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ព្រមទាំងបានរួមចំណែកផ្តល់ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។
ធនាគារពិភពលោក ដែលបានរួមចំណែកជួយផ្តល់ជំនួយបច្ចេកទេសផ្នែកប្រព័ន្ធទូទាត់កម្ពុជា ក៏បានរំលេចពីការអភិវឌ្ឍ ប្រព័ន្ធទូទាត់នៅកម្ពុជា ដែលត្រូវបានធ្វើទំនើបកម្ម លើផ្នែកបច្ចេកវិទ្យាទំនើប និងបានជួយសម្រួលការទូទាត់ និងកាត់បន្ថយកម្រៃសេវាទូទាត់អេឡិចត្រូនិក។
ឆ្លៀតក្នុងឱកាសនោះដែរ តំណាងធនាគារពិភពលោក ក៏បានអបអរសាទរ លោក ទេសាភិបាល ដែលទទួលបានការវាយតម្លៃខ្ពស់ពីទស្សនាវដ្តីអន្តរជាតិ The Banker ថាជា ទេសាភិបាលឆ្នើមឆ្នាំ២០២១ ដោយសារការដឹកនាំធនាគារជាតិនៃកម្ពុជា ក៏ដូចជាវិស័យធនាគារ ឱ្យមានការរីកចម្រើនប្រកបដោយភាពរឹងមាំនិងទំនុកចិត្ត។
លោក ទេសាភិបាល ក៏បានស្នើឱ្យ ធនាគារពិភពលោកបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារបន្ថែមទៀត ជាពិសេសលើផ្នែកការពារប្រាក់បញ្ញើ, ការសិក្សាទៅលើប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណ, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពជំនាញរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា៕ រក្សាសិទ្ធិដោយ៖CEN