Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹម សុខា នៅតែ​អូសបន្លាយ​ពេលវេលា​ទៅវិញ​

​ភ្នំពេញ ៖ លោក​ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ​ថា ដោយមាន​ការស្នើសុំ​ពី​បងប្អូន​អ្នកសារព័ត៌មាន​យើង ខ្ញុំ​សូម​ជូន​៥​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹម សុខា ថា​តើ​ហេតុអ្វី​បាន​សវនាការ​សំណុំរឿង​ផ្សេង​អាច​បន្ត​ដំណើរការ​ទៅបាន ហើយ​សំណុំរឿង កឹម សុខា បែរជា​នៅតែ​អូសបន្លាយ​ពេលវេលា​ទៅវិញ​។​

​លោក​ជិន ម៉ា​លីន បញ្ជាក់ថា ៥​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹម សុខា ៖
១. សំណុំរឿង កឹម សុខា កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ហើយ​ការសម្រេច​បែបណា​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​។​

២. លោក កឹម សុខា បាននិងកំពុង​ប្រើប្រាស់​សិទ្ធិ​ក្នុងការ​ការពារ​ខ្លួន​យ៉ាង​ពេញលេញ​តាមផ្លូវ​ច្បាប់ ដោយមាន​មេធាវី​ការពារ​ដល់​ទៅ ៥ រូប​។​

៣. សវនាការ​លើ​ករណី កឹម សុខា នាពេល​កន្លងមក ត្រូវបានធ្វើ​ឡើងជា​សាធារណៈ និង​ប្រកបដោយ​តម្លាភាព ដោយ​អនុញ្ញាតឱ្យ​សង្គម​ស៊ីវិល តំណាង​អង្គទូត ក៏ដូចជា​សាធារណជន​ផ្សេងទៀត បាន​ចូលរួម​ស្តាប់​។ ឧទាហរណ៍ ករណី​ការពិនិត្យ​ផ្ទៀងផ្ទាត់​ភស្តុតាង​ជា Video Clip ដែល​មេធាវី​របស់ កឹម សុខា អះអាងថា​ជា Video មិន​ពិត​។ ប៉ុន្តែ ក្រោយពេល​ផ្ទៀ​ត​ផ្ទាត់ បង្ហាញថា Video Clip ដែល​ផ្តល់​ដោយ​មេធាវី​របស់ កឹម សុខា គឺ​ដូចគ្នា​នឹង Video Clip ដែលជា​ភស្តុតាង​នៅក្នុង​សំណុំរឿង​។ ខ្លឹមសារ​ជារួម​នៃ Video Clip នេះ កឹម សុខា បាន​និយាយថា “​គាត់​ត្រូវ​បានរៀបចំ បណ្តុះបណ្តាល និង​ឧបត្ថម្ភ គាំទ្រ​ដោយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​”​។​

៤. ប្រសិនបើ​ករណីបែបនេះ​កើតឡើង​នៅ​ប្រទេស​ផ្សេង ក៏​ប្រទេស​នោះ​នឹង​អនុវត្ត​វិធានការ​ច្បាប់​ដូច​ករណី​កម្ពុជា​ផងដែរ​។ ឧទាហរណ៍ ករណី​មានការ​ចោទប្រកាន់ថា Donald Trump បាន​ចូល​ដៃ​ជាមួយ Russia ក្នុងការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​នាពេល​កន្លងមក ក៏​សហរដ្ឋអាមេរិក​បាននិងកំពុង​ចាត់ការ​ស៊ើបអង្កេត​ផងដែរ​។​

៥. ដោយ​ករណី កឹម សុខា គឺ​មិនមាន​ការឃុំខ្លួន​នោះទេ ហេតុដូចនេះ ការបើក​សវនាការ​លើ​សំណុំ​រឿងនេះ គឺ​មិនមែនជា​អាទិភាព​នោះទេ​។ អាទិភាព​ពិតប្រាកដ គឺ​ការបើក​សវនាការ​ចំពោះ​សំណុំរឿង​ដែលមាន​អ្នក​ជាប់ឃុំ ដើម្បី​ជៀង​វាង​កុំឱ្យ​មានការ​ឃុំខ្លួន​ហួស​កាលកំណត់​របស់​ច្បាប់ ជាពិសេស​ស្របពេល​ដែល​តុលាការ​កំពុង​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ ក្នុង​គោលដៅ​ឈានទៅរក​ការដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។ ហេតុដូចនេះ ប្រសិនបើ កឹម សុខា ស្ថិតក្នុង​ការឃុំ នោះ​សវនាការ​សំណុំ​រឿងនេះ​ក៏​នឹងត្រូវ​យកមក​ចាត់ការ​ជា​អាទិភាព​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×