សៀមរាប ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
សមាសភាពអញ្ជើញចូលរួមក្នុងដំណើរចុះពិនិត្យនេះរួមមាន៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេសជំនាញ និងភាគីពាក់ព័ន្ធទាំងអស់។
ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
សូមបញ្ជាក់ជូនថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ នេះ។
គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃ នាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
គម្រោងនេះមានការរៀបចំលើគ្រប់ទិដ្ឋភាព ក្នុងនោះរួមមាន៖ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។
ជាមួយគ្នានេះផងដែរ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះ មានការគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ជាប់រឹងមាំ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញដែលនាំឱ្យខាតបង់ថវិកាបន្ថែមទៀត រួមជាមួយការរៀបចំប្រព័ន្ធលូបង្ហូរទឹក ស្របទៅតាមស្តង់ដាបច្ចេកទេស ដើម្បីការពារកុំឱ្យមានការលិចលង់ និងចៀសវាងនាំឱ្យផ្លូវឆាប់ខូច ដោយមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ជាមួយក្រុមការងារត្រួតពិនិត្យបច្ចេកទេស ជាពិសេស គុណភាពនៃសម្ភារបរិក្ខារដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ធានាបាននូវការប្រើបាស់សម្ភារបរិក្ខារមានគុណភាព ដើម្បីធានាឱ្យគុណភាពសំណង់មានភាពរឹងមាំអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែហើយនោះ ក៏នៅមានការស្ដារ កែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
យោងតាមរបាយការណ៍ដែលទទួលបានពីអង្គភាពទទួលការងារសាងសង់ទាំងអស់បានឲ្យដឹងថា៖ វឌ្ឍនភាពនៃការសាងសង់គិតត្រឹមសប្ដាហ៍ទី៤ ខែមករា ឆ្នាំ២០២១ ការងារសម្រេចបានជាង១៧,៥% ហើយ បច្ចុប្បន្នអង្គភាពសាងសង់ទាំងអស់កំពុងខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ដើម្បីបញ្ចប់គម្រោងរបស់ខ្លួនតាមផែនការដែលបានកំណត់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ