បុរសអាយុ ៣៩ ឆ្នាំ ម្នាក់ ត្រូវបានដឹងថា នឹងប្រឈមបទចោទប្រកាន់ស្រាល ក្នុងករណីបានប្រព្រឹត្តទង្វើរលូកលាន់ស្ទាបសុដន់ក្មេងស្រីអាយុ ១២ ឆ្នាំ ម្នាក់ ក្រោយពីតុលាការជាន់ខ្ពស់ឥណ្ឌាបានបញ្ជាក់ថា ត្រូវតែមាន «ការប៉ះពាល់ស្បែកនិងស្បែក ជាមួយចេតនាផ្លូវភេទ» សម្រាប់សកម្មភាពត្រូវបានចាត់ទុកថាជាការរំលោភជាក់ស្តែង។
នេះបើយោងតាមទូរទស្សន៍ NDTV បានឲ្យដឹងថា ក្រុមចៅក្រមនៃតុលាការជាន់ខ្ពស់នៅប៊ុមបៃ (Bombay) បាននិយាយថា ការស្ទាបច្របាច់ គឺមិនធ្លាក់ចូលទៅក្នុងនិយមន័យនៃការំលោភផ្លូវភេទ នៅក្នុងការការពារកុមារពីបទល្មើសផ្លូវភេទ (POCSO) នោះទេ ក្នុងអំឡុងពេលនៃសេចក្តីសម្រេចកាលពីថ្ងៃទី១៩ ខែមករា កន្លងទៅថ្មីៗនេះ។
ទាក់ទងនឹងការចោទប្រកាន់នេះផងដែរ តាមឯកសារតុលាការបានបញ្ចេញឲ្យដឹងថា ដំបូងឡើយ គឺជនសង្ស័យឈ្មោះថា Satish បានហៅក្មេងស្រីអាយុ ១២ ឆ្នាំ ទៅកាន់ផ្ទះរបស់គាត់ ដើម្បីផ្តល់ផ្លែត្របែកឲ្យនាង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ ហើយខណៈពេលកំពុងនៅក្នុងផ្ទះរបស់គាត់ បុរសនោះក៏បានយកដៃទៅប៉ះសុដន់ពីលើសម្លៀកបំពាក់របស់នាង ហើយបានព្យាយាមដោះខោទ្រនាប់នាងចេញទៀតផង។
ជនសង្ស័យដំបូងឡើយ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយ៉ាងតិច ៣ ឆ្នាំ ក្រោមច្បាប់ POCSO នៅក្នុងតុលាការជាន់ទាប។ ទោះយ៉ាងណា តុលាការជាន់ខ្ពស់បានប្រកែកថា ដោយសារគ្មានការប៉ះពាល់ស្បែកនិងស្បែក នោះជនជាប់ចោទ Satish នឹងត្រូវបានចោទប្រកាន់ក្រោមមាត្រា IPC 354 ជំនួសវិញ ដែលអនុវត្តទោសនៅត្រឹម១ឆ្នាំប៉ុណ្ណោះ។
ទោះយ៉ាងណា សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់នេះ បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងក្លា ក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលតុលាការជាន់ខ្ពស់ផ្សេងទៀត និងតុលាការជាន់ទាប នៅក្នុងប្រទេសឥណ្ឌា ឥឡូវនេះនឹងត្រូវអនុវត្តតាមនីតិវិធីនេះ។
នៅក្នុងសារនៅលើ Twitter គណៈកម្មាការជាតិសម្រាប់ស្ត្រី បាននិយាយថា ពួកគេកំពុងមានផែនការ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់។
លោក Karuna Nundy ជាមេធាវីម្នាក់ នៅតុលាការកំពូលនៃប្រទេសឥណ្ឌា បានអំពាវនាវឲ្យមានការសាកសួរ និងផ្អាកការងារជាបណ្តោះអាសន្នចំពោះចៅក្រម «ដែលបានធ្វើការវិនិច្ច័យផ្ទុយពីច្បាប់ចាស់ដែលបានបង្កើតឡើង»។
ចំណែក លោក Ranjana Kumari នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្គម ដែលមិនរកប្រាក់ចំណេញ ដែលតស៊ូមតិដើម្បីសិទ្ធិរបស់ស្ត្រីនៅក្នុងប្រទេស បានលើកឡើងអំពីការសម្រេចចិត្តនេះថា ជាការគួរអោយអាម៉ាស គួរឱ្យតក់ស្លុតរន្ធត់ និងមិនមានការប្រុងប្រយ័ត្នខាងតុលាការទាល់តែសោះ។
គួរបញ្ជាក់ថា ច្បាប់ចាស់ POCSO ត្រូវបានកំណត់ថា “អ្នកណាដែលមានចេតនារួមភេទប៉ះនឹងទ្វាមាស, លិង្គ, រន្ធបាតធំ ឬសុដន់ របស់កុមារ ឬធ្វើឱ្យកុមារប៉ះទ្វារមាស, លិង្គ, រន្ធបាតធំ ឬសុដន់ របស់ពីមនុស្សប្រភេទនេះ ឬធ្វើសកម្មភាពអ្វីផ្សេងទៀត ដោយចេតនាផ្លូវភេទ ដែលជាប់ទាក់ទងនឹងរាងកាយ ដោយគ្មានការជ្រៀតចូលក៏ដោយ ត្រូវបានគេនិយាយថាបានរំលោភផ្លូវភេទ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង