ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយបានជម្រាបមកលោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលទាំង១៤ ក្នុងកម្មវត្ថុ ៖ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និង ពិធីរៀបអាពាហ៍ពិពាហ៍ ដោយរៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាត សុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១,៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និង រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ៥នាក់ (ប្រាំ) ក្នុង ១តុ ដែលទម្លាប់ពីមុន អង្គុយ ១០នាក់។
តបតាមកម្មវត្ថុ និងយោងខាងលើ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជម្រាប លោក លោកស្រី អភិបាលនៃគណៈអភិបាល ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ សូមសម្តែង នូវការកោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល និង គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សង្កេតឃើញថា ការអនុវត្តតាមវិធានការ ការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងក្នុងពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតនៅឡើយ ដែលនេះ ជាហានិភ័យដ៏ធំធេងអាចបង្កឱ្យមានការចម្លងវីរុសកូវីដ-១៩ ជាថ្មីឡើងវិញ ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ លោក លោកស្រី អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ យកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល ដោយត្រូវ៖
១- ណែនាំឱ្យម្ចាស់មជ្ឈមណ្ឌល អគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់និងម្ចាស់អាជីវកម្មចុងភៅ ដូចខាងក្រោម៖ – ឱ្យម្ចាស់រៀបចំកម្មវិធីទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល – រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាត សុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១,៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រៀបតុ អាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ៥នាក់ (ប្រាំ) ក្នុង ១តុ ដែលទម្លាប់ពីមុន អង្គុយ ១០នាក់ – ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាង ការចាប់ដៃ និងឱបគ្នាជាដើម – ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក-កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។ ក្នុងករណីដែលម្ចាស់គ្រប់គ្រងទីតាំងអាជីវកម្ម បុគ្គលិក និងអ្នករៀបចំកម្មវិធី មិនអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន រួច រាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ។
២- ណែនាំឱ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីន វាស់កម្តៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កម្តៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅ គ្រប់ច្រកចូល និងដាក់អាល់កុល ឬដែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និង តម្រូវឱ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូល ។ល។ បន្ទប់ទឹក និងមុនពេលបរិភោគអាហារ។
៣- ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការ ណែនាំទេនោះ ត្រូវចាត់វិធានការរដ្ឋបាល ឬបិទអាជីវកម្មជាបណ្តោះអាសន្ន រួចរាយការណ៍ មករដ្ឋបាលរាជធានីភ្នំពេញ។
៤- រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាល រាជធានីភ្នំពេញ ដែលបានណែនាំកន្លងមក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ