អ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់គ្រប់ៗគ្នាតែម្តង ខណៈដែលវីដេអូមួយបង្ហាញឲ្យឃើញស្តែងៗម៉ូតូ១គ្រឿង បានបោះពួយក្នុងល្បឿនលឿនដូចរន្ទះ ប៉ុន្តែ ពុំមានមនុស្សបើកនោះទេ ដែលធ្វើឲ្យបុរសជនជាតិថៃប៉ុន្មាននាក់ ព្រឺក្បាលខ្ញាកតែម្តង។
ជាមួយនឹងហេតុការណ៍ដ៏ព្រឺក្បាលនេះផងដែរ បុរសម្នាក់ឈ្មោះ Kiatisak Hindee អាយុ ២២ ឆ្នាំ ជាជាងមេកានិចម៉ូតូ បាននិយាយរឿងនេះ ដែលកើតឡើងកាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ ឲ្យដឹងថា ពេលគាត់កំពុងអង្គុយជាមួយមិត្តភក្តិ គាត់ក៏បានឮសំឡេងម៉ូតូលាន់ឮយ៉ាងខ្លាំង ហើយក៏បានចេញមកមើលទាន់ពេល និងបានឃើញម៉ូតូ១គ្រឿងបើកឆ្លងកាត់លឿនដូចរន្ទះឆ្លងកាត់ដោយគ្មានអ្នកបើកបរនោះទេ។
បន្ទាប់មក គាត់ក៏បានចុះពីផ្ទះរត់ទៅមើល ហើយក៏បានរកឃើញម៉ូតូនោះ ទៅបុកនឹងរថយន្ត១គ្រឿងកំពុងចតចោល ហើយបន្ទាប់មក បានរកឃើញអ្នកភូមិម្នាក់រងរបួសអង្គុយនៅមាត់ផ្លូវ ដែលក្រោយមកត្រូវបានដឹងថា គឺជាអ្នកបើកម៉ូតូនោះតែម្តង។
ហេតុផលដែលម៉ូតូនេះបើកដោយខ្លួនឯងពុំមានមនុស្សបើក គឺដោយសារម្ចាស់ម៉ូតូបានធ្លាក់ចេញពីម៉ូតូ នៅច្រកផ្លូវនោះ។ ម្ចាស់ម៉ូតូបានក្រោកដើរបានធម្មតា និងចាប់ផ្តើមបញ្ឆេះម៉ូតូ ក៏រកឃើញថា ហ្គាត្រូវបានជាប់ ដែលជាហេតុធ្វើឲ្យម៉ូតូបោលចោលម្ចាស់បែបនេះ។
បុរសម្នាក់ឈ្មោះ Jinda Pongbut អាយុ ៤៨ ឆ្នាំ ជាម្ចាស់ហាងជួសជុលម៉ូតូ បាននិយាយថា គាត់ចង់រំលឹកទៅដល់អ្នកប្រើប្រាស់ម៉ូតូ ជាពិសេសម៉ូតូដែលជាប្រព័ន្ធអូតូ គឺត្រូវតែឧស្សាហ៍ត្រួតពិនិត្យលក្ខខណ្ឌយានយាន្តឲ្យបានរួចរាល់ មុនពេលធ្វើដំណើរ។ ជាពិសេសបំពង់ខ្យល់បិទបើកសាំង ដែលនឹងបង្កឲ្យហ្គាត្រូវជាប់គាំង ដែលអាចឲ្យកើតមានគ្រោះថ្នាក់ខ្លាំង បណ្តាលឲ្យរងរបួស ឬបាត់បង់ជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង