ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia យីហោដើមពីសហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ នាសណ្ឋាគារ Raffle Hotel Le Royal បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារ BRED Bank (Cambodia) ដែលមានមូលដ្ឋាននៅប្រទេសបារាំង ដើម្បីសហការគ្នា ផ្តល់នូវសេវាហិរញ្ញវត្ថុ ដល់អ្នកដែលទិញអចលនទ្រព្យតាមបណ្តាញរបស់ក្រុមហ៊ុន Century 21 Cambodia។
អនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ ត្រូវបានចុះហត្ថលេខាដោយលោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia និងលោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia) និងអ្នកស្រី មាស គន្ធា នាយកគ្រប់គ្រងបណ្តាញសាខាផ្នែកហិរញ្ញវត្ថុបុគ្គល ធនាគារ BRED Bank (Cambodia)។
តាមរយៈ MoU នេះ អតិថិជនដែលទិញអចលនទ្រព្យតាមក្រុមហ៊ុន Century 21 Cambodia នឹងមានភាពងាយស្រួលជាងមុនក្នុងការទទួលបានហិរញ្ញវត្ថុដើម្បីទិញអចលនទ្រព្យក្នុងក្តីស្រមៃរបស់ពួកគេ ដោយទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ សេវាឆាប់រហ័ស ទំហំកម្ចីសមតាមតម្រូវការពីធនាគារ BRED Bank (Cambodia)។
លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា លោកពិតជាមានក្តីសោមន្សសរីករាយដែលបានធ្វើជាដៃគូជាមួយធនាគារ BRED Bank ដែលជាធនាគារអឺរ៉ុបដំបូងគេនៅកម្ពុជាហើយលោកជឿជាក់ថាការសហការគ្នានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសកាន់តែប្រសើរសម្រាប់អតិថិជននិងវិនិយោគិន ក៏ដូចជាជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើនឡើងមានលទ្ធភាពទិញអចលទ្រព្យក្នុងក្តីសុបិន្តរបស់ពួកគេ។
លោក Seraj Sutton ថ្លែងថា៖ «ខ្ញុំជឿជាក់ថាកិច្ចសហការនេះ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជន និងវិនិយោគិន ហើយទន្ទឹមគ្នានេះប្រជាជនកម្ពុជាក៏អាចទទួលបានឱកាសដូចគ្នានេះដើម្បីអាចទិញអចលនទ្រព្យតាមក្តីប្រាថ្នារបស់ពួកគេ»។
លោកបញ្ជាក់ថា៖ «អតិថិជនរបស់យើងមិនត្រឹមតែអាចក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋានថ្មីរបស់ពួកគេទេ តែថែមទាំងអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ សេវាឆាប់រហ័ស ទំហំកម្ចីសមតាមតម្រូវការពីធនាគារ BRED Bank (Cambodia)»។
ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ ផ្តាច់មុខរបស់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា រួមមានគម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY ដែលជាគម្រោងផ្ទះវីឡាលំហែកាយនិងខុនដូរប្រណីត រចនាឡើងតាមបែបអ៊ឺរ៉ុប ដែលទីតាំងនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត៕ រក្សាសិទ្ធិដោយ ៖ CEN