Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​យុវជន​យុវនារី​កម្ពុជា​

​ភ្នំពេញ​៖ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ផ្តល់ “​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ Techo Digital Talent Scholarship” ចំនួន ១០០ កន្លែង ដែលមាន​តម្លៃ ១៧.០០០ ដុល្លារ ក្នុង​និស្សិត​ម្នាក់​សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា (​អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) មក បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​យុវជន​យុវនារី​យើង​មកលើ​កម្មវិធី​អាហារូបករណ៍​នេះ​។​

ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​នេះ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា​ទទួលបាន​បេក្ខជន ដាក់ពាក្យ​សរុប​ចំនួន​រហូតដល់ ២.២០៧​នាក់ ក្នុងនោះ​មាន​បេ​ក្ខ​នារី​ចំនួន ៨៣៤ នាក់​។​

​បេក្ខជន​ជ័យលាភី “​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ​” ម្នាក់ៗ​នឹង​ទទួលបាន​អាហារូបករណ៍​ដែលមាន​តម្លៃ​សរុប​ប្រមាណ ១៧.០០០ ដុល្លារ សម្រាប់​ការសិក្សា ៤​ឆ្នាំ ក្នុងនោះ​មាន​ប្រាក់ឧបត្ថម្ភ ១២០​ដុល្លារ ក្នុង​មួយខែ ព្រមទាំង​ផ្តល់​កុំព្យូទ័រ​យួរដៃ មួយគ្រឿង​សម្រាប់​ការសិក្សា​ផងដែរ​។ អាហារូបករណ៍​នេះ​នឹង​ផ្តល់ជូន​ដល់​និស្សិត​ឆ្នើម​ដើម្បី​មក​សិក្សា​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា (​អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) ដែលជា​គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​រដ្ឋ​ឈានមុខ​គេ​ក្នុងការ​បណ្តុះបណ្តាល ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា លើ​ជំនាញ​បរិញ្ញាបត្រ (១) ទូរគមនាគមន៍​និង​បណ្ដាញ Telecoms & Networking (២) វិទ្យាសាស្ត្រ​កុំព្យូទ័រ Computer Science និង (៣) ពាណិជ្ជកម្ម​អេឡិចត្រូនិក e-Commerce ។​

​នេះ​គឺជា​លើក​ទី​១​ហើយ​នៅ​កម្ពុជា ដែល​គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​សាធារណៈ​បាន​ផ្តល់នូវ​អាហារូបករណ៍​ដ៏​ពិសេស​មួយ​ក្នុង​បំណង​លើកស្ទួយ​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ក្រោម​ការគិតគូរ​យក​ចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​យុវនារី​ឆ្នើម​កម្ពុជា​ឲ្យ​សិក្សា​ជំនាញ​ឌីជីថល​ហើយ​ក្លាយខ្លួនជា​អ្នកដឹកនាំ​លើ​វិស័យនេះ​នាពេល​អនាគត ក្នុងខណៈដែល​ប្រទេស​យើង​កំពុងតែ​កសាង​ខឿនសេដ្ឋកិច្ច​ឌីជីថល និង​ឈានទៅ​អភិវឌ្ឍ​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​អំពាវនាវ​ដល់​ក្មួយៗ សិស្សានុសិស្ស​ដែល​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ផ្នែក​វិទ្យាសាស្ត្រ ដែលមាន​បំណង​សិក្សា​ជំនាញ​បច្ចេកវិទ្យា តែ​មិនទាន់បាន​ដាក់ពាក្យ​ប្រឡង សូម​រួសរាន់​មក​ដាក់ពាក្យ​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល (​អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០២១​។

​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជា​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​មួយ​ដែលមាន​កម្មវិធីសិក្សា​និង​វិធីសាស្ត្រ​បង្រៀន​យ៉ាង​សម្បូរបែប ដោយមាន​បញ្ចូល​ជំនាញ​បច្ចេកទេស (Technical Skill) ជំនាញ​ទុន (Soft Skill) សហគ្រិនភាព (Entrepreneurship) ភាពជា​អ្នកដឹកនាំ​(Leadership) និង​ថែមទាំង​មាន​ដាក់បញ្ចូល​នូវ​កម្មសិក្សា​ចំនួន​ពីរដង​នៅ​ក្រុមហ៊ុន ដើម្បីឱ្យ​និស្សិត​របស់​យើង​ចាប់បាន​នូវ​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​យ៉ាងពិត​ប្រាកដ ក្លាយខ្លួនជា​អ្នកដឹកនាំ​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ស្របតាម​បំណងប្រាថ្នា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ចង់បាន​ធនធានមនុស្ស​ដ៏​ឆ្នើម​ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×