ភ្នំពេញ៖ ប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែន មានខេត្តមណ្ឌលគីរី រតនគិរី និងស្ទឹងត្រែងជាដើម បានបង្ហាញការសប្បាយរីករាយ ចំពោះតម្លៃដំឡូងមីឆ្នាំនេះ ដែលមានតម្លៃខ្ពស់ជាងឆ្នាំមុន។ ដំឡូងមីជាដំណាំមួយប្រភេទ ដែលប្រជាពលរដ្ឋនៅបណ្តាខេត្តជាប់ព្រំដែន ភាគច្រើននិយមចូលចិត្តដាំ ។
ប្រជាកសិករនៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដំឡូងមីស្ងួតឆ្នាំនេះមានតម្លៃ៨០០រៀល ក្នុងមួយគីទ្បូក្រាម បើប្រៀបធៀបនិងឆ្នាំទៅគាត់លក់បានតែក្នុងតម្លៃចន្លោះពី៦០០ ទៅ៦៥០រៀលតែប៉ុណ្ណោះ។ ដោយឡែកដំឡូងស្រស់ឆ្នាំនេះលក់បានចន្លោះពី៤៥០រៀលទៅ៤៧០រៀល ថ្លៃជាងឆ្នាំមុន ដែលឆ្នាំមុនលក់បានតែ២៨០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។
ប្រជាកសិករបានឲ្យដឹងទៀតថា បើសិនជាដំឡូងមីមានទីផ្សារល្អដូចឆ្នាំនេះគាត់និងឆ្នាំក្រោយ គាត់នឹងបង្កើនការដាំដុះបន្ថែម ឲ្យបានច្រើនជាងឆ្នាំនេះ។ ក្នុងឆ្នាំនេះគាត់ដាំដំឡូងមីនៅលើផ្ទៃដីជាង៣ហិកតា ហើយនៅឆ្នាំក្រោយ គាត់នឹងបន្ថែមដីដាំដុះទៀតដោយសារទីផ្សារដំឡូងឆ្នាំនេះបានថ្លៃជាងឆ្នាំមុន ។
បើតាមឈ្មួញកណ្តាលដែលទិញដំឡូងមី អ្នកស្រីសុភី រស់នៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា តម្លៃដំឡូងមីនៅឆ្នាំនេះឡើងថ្លៃ គាត់ហ៊ានទិញក្នុងតម្លៃខ្ពស់ ដោយសារតែគាត់យកទៅលក់នៅទីផ្សារប្រទេសវៀតណាមក៏បានក្នុងតម្លៃខ្ពស់ផងដែរ៕
រក្សាសិទ្ធិដោយ៖CEN