ភ្នំពេញ៖ ស្រីខ្មែរម្នាក់ដែលបានរៀបការប្តីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសិទ្ធិសេរីភាពក្នុងការរស់នៅឯប្រទេសចិននោះ ត្រូវបានអាជ្ញាធកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរចិន អន្តរាគមន៍ជួយសង្គ្រោះ និងបានត្រឡប់មកល់ប្រទេសកម្ពុជាវិញហើយ។
នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោកឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំមកប្រទេសកម្ពុជានោះ ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប៉ុន្តែរូបនាងកំពុងតែអនុវត្តវិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅមណ្ឌល់ចត្តាឡីស័ករាជធានីភ្នំពេញុំ។
សូមរំឮកថា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោកឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំមកប្រទេសកម្ពុជានោះ ត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការទទួលជោគជ័យក្នុងការស្រាវជ្រាវស្វែងរកអាសយដ្ឋានស្នាក់នៅឯប្រទេសចិនរបស់នារីរងគ្រោះខាងលើ និងបានធ្វើការសង្គ្រោះនោះ គឺបានទទួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរចិន និងអាជ្ញាធរកម្ពុជា។
ឯកឧត្តម ជីវ ផល្លី បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ វាសនាកូនស្រីទី៤ ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់ពីចាញ់បោកមេខ្យល់រៀបការប្ដីជនជាតិចិន និងទទួចសំណូមពរឲ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ ក្នុងខ្លឹមសារសំណេរបញ្ជាក់ថា នាងមានឈ្មោះ ធួក សុភី អាយុ ២០ ឆ្នាំ នៅភូមិឃ្សឹបក្រៅ ឃុំឃ្សឹបក្រៅ ស្រុកស្នួល ខេត្តក្រចេះ។
អនុវត្តតាមមតិចង្អុលដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម លោកជំទាវ អគ្គស្នងការរងទទួលផែនការងារជំនាញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវស្វែងរកឃើញសាច់ញាតិ និងសាកសួរព័ត៌មានលម្អិត ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណមេខ្យល់ ព្រមទាំងបានស្របសម្រួលឱ្យម្ដាយនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា នាយកដ្ឋានបានសហការជាមួយក្រុមលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកតម្រុយ និងទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះខាងលើ ដើម្បីមានមូលដ្ឋានពិតប្រាកដក្នុងការអនុវត្តនីតិវិធីអន្តរាគមន៍សង្គ្រោះ។
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជំនាញរបស់នាយកដ្ឋាន បានបញ្ជូនព័ត៌មានបន្ថែមទៀត រួមមានគណនីហ្វេសប៊ុក ដែលមានអាសយដ្ឋាន អត្តសញ្ញាណបណ្ណប្ដីជនជាតិចិន ឲ្យទៅក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវសង្គ្រោះ ទើបនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរជាតិបានឆ្លើយតបថា បានរកឃើញនារីរងគ្រោះនៅខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងបានជួយសង្គ្រោះ ព្រមទាំងបានបញ្ជូនទៅកាន់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉េកាំង ដើម្បីអនុវត្តន៍នីតិវិធីបន្ត។
ឯកឧត្តម ជីវ ផល្លី សូមឲ្យក្រុមគ្រួសារនារីរងគ្រោះ មេត្តាយោគយល់អធ្យាស្រ័យចំពោះភាពយឺតយ៉ាវនៃការធ្វើបត្យាប័នបញ្ជូននារីរងគ្រោះមកកម្ពុជាវិញ ហើយភាពយឺតយ៉ាវនេះបណ្តាលមកពីអាជ្ញាធរកម្ពុជាត្រូវពេលវេលាស្វែងរកអង្គការសម្ព័ន្ធចាប់ដៃ ដើម្បីជួយគាំទ្ររាប់រងលើការចំណាយផ្សេងៗ( ស្នាក់នៅ អាហាហូបចុក និងថ្លៃសំបុត្រយន្តហោះជាដើម…) រួមជាមួយនឹងការអនុវត្តវិធានចត្តាឡីស័កនៅប្រទេសទាំងពីរចិនផង ។ បន្ទាប់ពីបញ្ចប់ការអនុវត្តវិធានចត្តាឡីស័គ សមត្ថកិច្ចនឹងអញ្ជើញជនរងគ្រោះមកសួរនាំស្វែងរកព័ត៌មានបន្ថែម ដើម្បីឈាងដល់អនុវត្តជំនាញធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដែលជាមេខ្យល់ ចាត់ការតាមច្បាប់។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរចិន និងស្ថាប័នពាក់ព័ន្ធ បានរួមចំណែកលើការងារនេះ ពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ