ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខ ចំនួន៣២ក្រុមហ៊ុន ដែលត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម។
សម្តេចក្រឡាហោម បានជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្តីពីការលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ៣២ក្រុមហ៊ុន ដែលត្រូវបានប្រកាស ក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម។
សម្តេចក្រឡាហោម សូមជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជ្រាបថា៖ ក្រសួងមហាផ្ទៃ បានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន ៣២ក្រុមហ៊ុនបានបង្កើតភ្នាក់ងារសន្តិសុខឯកជនធ្វើសេវាកម្ម ប៉ុន្តែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្តីពីការ គ្រប់គ្រងសន្តិសុខឯកជន។
ដើម្បីធានាដល់សំណូមពរការងារសន្តិសុខ និងដើម្បីរក្សាបាននូវតម្លាភាពក្នុងវិស័យគ្រប់គ្រងសន្តិសុខ ឯកជន ក្រសួងមហាផ្ទៃបានលុបឈ្មោះចេញពីបញ្ជីនៃការអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន ៣២ក្រុមហ៊ុន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ