ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យប្តឹងសរុបចំនួន ៦៦០ពាក្យប្តឹង ។ បណ្តឹងចំនួន ៣៥០ពាក្យប្តឹង ត្រូវបានស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ហើយនៅតែមិនមានតម្រុយនៃអំពើពុករលួយទេ ។ ការស្រាវជ្រាវ លើពាក្យប្តឹង២០ពាក្យ នាំឱ្យអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតព្រមាន ចំពោះបុគ្គល២០នាក់ ។ ការស្រាវជ្រាវស៊ើបអង្កេតលើពាក្យប្តឹង ហើយរកឃើញថាមានគ្រប់ភស្តុតាង បានបញ្ជូនទៅតុលាការចំនួន៧ករណី ។
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំលើកទី៦ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៦ អាណត្តិទី៣ ដោយមាន វត្តមានសរុបចំនួន ១០រូប លើ ១១រូប ហើយបានដំណើរការក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ ៖ បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៥ អាណត្តិទី៣ ។ បានស្តាប់របាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ អំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែមករា ឆ្នាំ២០២១ ដែលមានជាអាទិ៍៖
១. ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ ឆ្នាំ២០២១ គឺគិតត្រឹមថ្ងៃទី២៨ ខែមករានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ ៩៧,៧៨ % នៃចំនួនត្រូវប្រកាស។ មានរាជធានី-ខេត្តទាំង២៥ និងក្រសួង -ស្ថាប័នចំនួន១៧បានបញ្ចប់ការប្រកាស ទ្រព្យសម្បត្តិ និងបំណុល១០០% ។ ក្រសួង -ស្ថាប័ននោះគឺ៖ ១.គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ២.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ៣.រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៤.ក្រុមប្រឹក្សាធម្មនុញ្ញ ៥.ក្រសួង ធនធានទឹក និងឧតុនិយម ៦.ក្រសួងអប់រំ យុវជន និងកីឡា ៧.ក្រសួងអភិវឌ្ឍន៍ ជនបទ ៨.ក្រសួងមុខងារសាធារណៈ ៩.ក្រសួងសាធារណការ និងដឹកជញ្ជូន ១០.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១១.ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ១២.ក្រសួងសុខាភិបាល ១៣.អាជ្ញាធរសវនកម្មជាតិ ១៤.ក្រសួងរ៉ែ និង ថាមពល ១៥.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១៦.ក្រសួងធម្មការ និងសាសនា និង ១៧.ក្រសួងយុត្តិធម៌ ។
អំពីពាក្យប្តឹង ៖ ក្នុងឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យប្តឹងសរុបចំនួន ៦៦០ពាក្យប្តឹង ។ បណ្តឹងចំនួន ៣៥០ពាក្យប្តឹង ត្រូវបានស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ហើយនៅតែមិនមានតម្រុយនៃអំពើពុករលួយទេ ។ ការស្រាវជ្រាវ លើពាក្យប្តឹង២០ពាក្យ នាំឱ្យអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតព្រមាន ចំពោះបុគ្គល២០នាក់ ។ ការស្រាវជ្រាវស៊ើបអង្កេតលើពាក្យប្តឹង ហើយរកឃើញ ថាមានគ្រប់ភស្តុតាង បានបញ្ជូនទៅតុលាការចំនួន៧ករណី ។ ក្រៅពីនោះនៅបន្តប្រមូលព័ត៌មានថែមទៀត ។ សម្រាប់ខែមករា ឆ្នាំ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹង សរុបចំនួន ៣១ពាក្យ។ មានពាក្យប្តឹងខ្លះ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តសុំព័ត៌មានបន្ថែមពីម្ចាស់បណ្ដឹង ពាក្យប្តឹងខ្លះទៀតបានឱ្យសាមីរងការចោទ ប្រកាន់ធ្វើការបំភ្លឺ ហើយពាក្យប្តឹងខ្លះទៀតត្រូវបានចុះស្រាវជ្រាវប្រមូលព័ត៌មាន ។
អំពីលទ្ធផលនៃការប្រជុំជាមួយក្រុមរួម-អាស៊ីប៉ាស៊ីហ្វិក (AP-JG) កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២១ ពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកោតសរសើរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបំពេញការងាររបស់ខ្លួន ប្រកបដោយលទ្ធផលល្អប្រសើរ ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកោតសរសើរចំពោះឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ខួយ លឹមហុង ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម អ៊ូ វិសាល អគ្គនាយករដ្ឋបាល និងសន្តិសុខ លោក ចេង ប៊ុនឃៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានបំពេញការងារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំបានយ៉ាងល្អ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកសរសើរ ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអនុប្រធានអង្គភាពដ៏ទៃទៀត ឯកឧត្តម សុត ធា អគ្គនាយកប្រតិបត្តិការ លោកស្រី ស៊ិន សុភាព និងលោក កែវ នាថមុនី ប្រធាន -អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ លើការងារពាក្យប្តឹងបានយ៉ាងល្អ និងសកម្មពេញមួយឆ្នាំ២០២០ កន្លងមក៕ រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ