ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ឆ្នាំ២០២១ ត្រូវបានប្រារព្វធ្វើតាមប្រព័ន្ធ Online Zoom ពីចម្ងាយរវាងប្រទេស កម្ពុជា និងជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
សិក្ខាសាលានេះ ត្រូវរៀបចំក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹង ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព នៃប្រទេសជប៉ុន (MHLW) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ក្រោមការឧបត្ថម្ភដោយ អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យក្រុងគីតាគ្យូស៊ុ (Kitakyushu) និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ។
គោលបំណងរបស់សិក្ខាសាលា គឺដើម្បីពង្រឹងដល់ភាគីពាក់ព័ន្ធផ្នែកសាធារណៈ និងឯកជនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រវាងប្រទេសកម្ពុជា និងជប៉ុន ឆ្ពោះទៅការបង្កើនដល់ការរស់នៅរបស់ប្រជាជនកម្ពុជា ។ សមាសភាពចូលរួមក្នុងសិក្ខាសាលាទាំងនៅកម្ពុជា និងជប៉ុន រួមមានមកពីផ្នែករដ្ឋាភិបាល វិស័យឯកជន និងអ្នកជំនាញ រួមទាំងប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជុំវិញ២៥ ខេត្ត ក្រុង សរុបចំនួន២១៦ នាក់ ក្នុងពីទីតាំងផ្សេងៗគ្នា ។
បើតាមរបៀបវីរៈនៃការអង្គសិក្ខាសាលា គឺមានមតិស្វាគមន៍ពី ឯកឧត្តម KITAHASHI Kenji អភិបាលក្រុង គីតាឃ្យុស៊ុ ពីប្រទេសជប៉ុន -ចំណាប់អារម្មណ៍របស់ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ពីទីក្រុងសៀមរាប -ឯកឧត្ដមអ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ពីទីក្រុងតូក្យូ-លោក AZUMA Toshihiro ការិយាល័យផ្គត់ផ្គង់ និងការណែនាំ ,នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត,អង្គភាពសុវត្ថិភាពឱសថនិងសុខភាពបរិស្ថាន នៃក្រសួងសុខាភិបាល ការងារ និងសុខមាលភាព ពីទីក្រុងតូក្យូប្រទេសជប៉ុន និងបន្ទាប់មកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញមានប្រសាសន៍បើកអង្គសិក្ខាសាលា ពីទីស្តីការក្រសួង ដែលមានសន្ទរកថាទាំងស្រុងដូចតទៅ៖ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមន្សរីករាយដែលបានចូលរួមជាអធិបតីក្នុង “សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ២០២១ Cambodia Japan Water Supply and Sewer Seminar 2021” ដែលរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងកម្ពុជា-ជប៉ុននៅពេលនេះ។ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីត១៩ កំពុងរីករាលដាលយ៉ាងណាក៏ដោយ ក៏ការរៀបចំសិក្ខាពេលនេះនៅតែបានរៀបចំធ្វើតាមកាលកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធអនឡាញ ដែលការប្រើប្រាស់បច្ចេកវិទ្យានេះក្លាយជាទំនោរថ្មីសម្រាប់រាល់ការប្រជុំ បណ្តុះបណ្តាល និងសិក្ខាសាលានានាដែលមានអ្នកចូលរួមច្រើន។
សិក្ខាសាលាដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាសិក្ខាសាលាលើកទី១៣ ក្រោមការឧបត្ថម្ភរបស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ(KOWBA) ប្រទេសជប៉ុន ដោយមានកិច្ចសហការរៀបចំគាំទ្រពីក្រសួងសុខាភិបាល ការងារ និងសុខមាលភាព នៃប្រទេសជប៉ុន (MHLW) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសាលានេះ ក៏នឹងបង្ហាញអំពីទស្សនវិស័យទឹកស្អាតរបស់កម្ពុជា បញ្ហាប្រឈម ការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍវិស័យទឹកស្អាតរបស់ប្រទេសជប៉ុន ការជួយគាំទ្ររបស់ភាគីជប៉ុន ជាពិសេសអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ដល់វិស័យទឹកស្អាតនៅកម្ពុជា។ឯកឧត្តម ចម ប្រសិទ្ធសូមអរគុណ និងស្វាគមន៍ផងដែរចំពោះវាគ្មិននៃប្រទេសជប៉ុន ដែលចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងបច្ចេកទេសនានាដល់អង្គសិក្ខាសាលា អំពីការងារដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជាទិសដៅក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។
ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថា ខ្ញុំចាំបានថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ខ្ញុំបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបានចូលរួមវេទិកាទឹកស្អាតកម្ពុជា-ជប៉ុន (JAPAN CAMBODIA WATER SUPPLY FORUM) “ស្តីពីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត និងតួនាទីរបស់ក្រុមហ៊ុនឯកជនជប៉ុន” ដែលបានប្រព្រឹត្តិធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅសណ្ឋាគារ RIHGA Royal ក្នុងក្រុងកូគូរ៉ា (Kokura), ខ្ញុំពិតជាមានកិត្តិយស និងសោមនស្សចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីភាគីមិត្តជប៉ុន ហើយក៏បានទទួលនូវបទពិសោធថ្មីបន្ថែមទៀតអំពីតួនាទីនៃការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត ក៍ដូចជាបច្ចេកវិទ្យា និងគំនិតឆ្នៃប្រឌិតផ្សេងៗ។
ក្នុងឱកាសនោះដែរ ខ្ញុំក៏បានស្នើឱ្យមានការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមរយៈយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលយន្តការនេះបង្កលក្ខណៈ និងការទាក់ទាញក្រុមហ៊ុនឯកជនរបស់ជប៉ុនចូលរួមដំណើរការផលិតទឹកស្អាត និងលក់ទឹកដុំឱ្យអង្គភាពរដ្ឋាករទឹករបស់កម្ពុជា ដែលបច្ចុប្បន្នយើងបាននិងកំពុងអនុវត្តគម្រោងតាមរូបភាពនេះនៅរដ្ឋាករទឹកខេត្តកំពង់ធំ និងក្រុងតាខ្មៅ (រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)។ តាមរយៈការអនុវត្តយន្តការនេះផងដែរ យើងសង្ឃឹមថាការអនុវត្តគម្រោងអាចប្រព្រឹត្តទៅបានឆាប់រហ័ស ក៏ដូចជាការផ្ទេរនូវបទពិសោធន៍ និងបច្ចេកវិទ្យារបស់ជប៉ុនដល់សមភាគីកម្ពុជា ក្នុងការគ្រប់គ្រង និងដំណើរការប្រតិបត្តិការប្រព័ន្ធផលិតកម្មមានប្រសិទ្ធភាពខ្ពស់ផងដែរ។ លើសពីនេះ ឯកឧត្តម ចម ប្រសិទ្ធក៏បានសំណូមពរឱ្យមិត្តជប៉ុនសូមជួយគាំទ្រដល់កម្ពុជាបន្តទៀត ជាពិសេសលើវិស័យទឹកស្អាត ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាពបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ហើយក៏សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះក្រុមហ៊ុនឯកជនជប៉ុនធ្វើការវិនិយោគនៅកម្ពុជា ដែលនឹងនាំនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ការធ្វើប្រព្រឹត្តិកម្មទឹក ដែលមានថ្លៃសមរម្យ និងចំណាយដំណើរការសមស្រប ជាពិសេស ប្រព័ន្ធខ្នាតតូចៗ ដែលអាចអនុញ្ញាតឱ្យយើងអាចតម្លើងបាននៅតំបន់ទីប្រជុំជនតូចៗ ដែលការវិនិយោគលើប្រព័ន្ធបណ្តាញចែកចាយធម្មតាមិនមានលក្ខណៈសេដ្ឋកិច្ច។
សម្រាប់វិស័យទឹកស្អាត យើងសង្កេតឃើញថា តម្រូវការប្រើប្រាស់ទឹកស្អាតនៅតាមបណ្តារាជធានី ខេត្ត ក្រុង និងទីប្រជុំជន នានានៅទូទាំងប្រទេសមានការកើនឡើងយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតនិងផ្គត់ផ្គង់បាន ១៩៥.០០០ម៣/ថ្ងៃ និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនដែលមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ ៥២.០០០ ម៣/ថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រែក្លាយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបន្ថែមនូវបន្ទុកការងារស្នូលលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បន្ថែមទៀតដល់ក្រសួង។ ដោយឡែកចំពោះ វិស័យទឹកស្អាត ក្រសួងបានខិតខំប្រឹងប្រែងជំរុញ និងអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈកំណែទម្រង់លើរចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រង ការកសាងបទដ្ឋានគតិយុត្ត មធ្យោបាយគ្រប់គ្រង ការលើកទឹកចិត្ត និងគាំទ្រដល់វិនិយោគិន និងផ្នែកឯកជន ដែលបានជំរុញឱ្យមានការចូលរួមវិនិយោគជាច្រើនពីផ្នែកឯកជនក្នុងនិងក្រៅប្រទេសលើវិស័យទឹកស្អាត។ គិតមកដល់បច្ចុប្បន្ន ក្រសួងបានចេញប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតចំនួន ២៨២ទីតាំង ដែលកើនឡើងជិតពីរដង ធៀបនឹងឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ យើងបានខិតខំអភិវឌ្ឍន៍ វិស័យទឹកស្អាតដោយមានការចូលរួមយ៉ាងសំខាន់របស់ដៃគូអភិវឌ្ឍន៍នានា ដូចជា រដ្ឋាភិបាលជប៉ុន (តាមរយៈ JICA, JICS), ADB, AFD, WB, WHO, UNICEF, UNHABITAT, រដ្ឋាភិបាលអូស្ត្រាលី (តាមរយៈ 3i) ជាដើម។ការជួយគាំទ្ររបស់មិត្តជប៉ុន គឺមិនអាចកាត់ថ្លៃបាន តាមរយៈគម្រោងសហប្រតិបត្តិការនានា មានដូចជា គម្រោងជំនួយបច្ចេកទេសរៀបចំផែនការមេរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, គម្រោងកសាងសមត្ថភាពអង្គភាពរដ្ឋាករទឹកសាធារណៈ, គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជនកម្ពុជា ដែលផ្តោតសំខាន់លើការកសាងសមត្ថភាពការគ្រប់គ្រងវិស័យទឹកស្អាតរបស់អគ្គនាយកដ្ឋានទឹកស្អាត រួមទាំងការជួយគាំទ្រលើការរៀបចំសេចក្តីព្រាងច្បាប់ “ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា” ដែលមកដល់ពេលនេះ សេចក្តីព្រាងច្បាប់នេះបានឆ្លងចប់កម្រិតបច្ចេកទេសផ្ទៃក្នុងក្រសួង និងអន្តរក្រសួងមួយចំនួន ហើយនឹងត្រៀមបញ្ជូនទៅសុំការគាំទ្រ និងជំនួយបច្ចេកទេសផ្នែកច្បាប់ពីក្រុមប្រឹក្សាអ្នកច្បាប់របស់រាជរដ្ឋាភិបាល និងឆ្លងអន្តរក្រសួងបើកទូលាយ នាពេលខាងមុខ, ហើយក៏មានគម្រោងវិនិយោគអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាច្រើនទៀត ដែលមានទំហំហិរញ្ញប្បទានសរុបប្រមាណជាង ៣០០លានដុល្លារអាមេរិក (ទាំងហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទាន)។ គម្រោងជំនួយទាំងនេះភាគច្រើនគឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍អង្គភាពរដ្ឋាករទឹកសាធារណៈ ហើយក្រុមហ៊ុនឯកជនរបស់ជប៉ុន ក៏បានចូលរួមត្រឹមតែជាទីប្រឹក្សាបច្ចេកទេស ឬជាក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។
កិច្ចសហប្រតិបត្តិការនេះគឺទទួលបានលទ្ធផលល្អប្រសើរជាទីគាប់ចិត្ត ដោយក្នុងនោះអង្គភាពរដ្ឋាករទឹកសាធារណៈរបស់យើងទាំងអស់បានពង្រឹងសមត្ថភាពគ្រប់គ្រង និងដំណើរការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានប្រសិទ្ធភាពល្អ ហើយមន្ត្រីជំនាញជាច្រើននាក់ត្រូវបានទទួលការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង តាមរយៈគម្រោងសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន, ដែលបង្កើតបានជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាតកម្ពុជាប្រកបដោយចីរភាព។ ទោះយ៉ាងនេះក្តី តម្រូវការទុនវិនិយោគ និងការគាំទ្រតាមគ្រប់រូបភាពទាំងអស់ គឺជាការចាំបាច់ ដើម្បីអាចឈានទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ទីប្រជុំជនឱ្យបាន ១០០% នៅឆ្នាំ២០២៥ និងទូទាំងប្រទេសនៅឆ្នាំ២០៣០។ ដោយមូលហេតុនេះ ផ្តោតតែលើអង្គភាពរដ្ឋាករទឹកសាធារណៈ គឺនៅមិនទាន់គ្រប់គ្រាន់ទេ។ ក្នុងន័យនេះ ការពង្រីកកិច្ចសហប្រតិបត្តិការ និងការចាប់ដៃគូជាមួយវិស័យឯកជន គឺជាការចាំបាច់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចម ប្រសិទ្ធ ក៏សូមរំលឹកនូវប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងជំនួបរបស់ សម្តេច ជាមួយ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZ0) សមាជិកសភាជប៉ុន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ លើការងារ ២ចំណុច គឺ៖ (១)ត្រូវពង្រីកសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាតឱ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង(២)ធ្វើយ៉ាងណាពង្រីកបណ្តាញចែកចាយទៅកាន់តំបន់ អភិវឌ្ឍន៍ថ្មីៗថែមទៀត។ ជាមួយគ្នានេះ ខ្ញុំក៏មានឱកាសជួបផ្ទាល់ជាមួយ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ ផងដែរ និងក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានតាមគ្រប់រូបភាពសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និយាយជារួម, និង សម្រាប់វិស័យទឹកស្អាត និយាយដោយឡែក ក្នុងទំហំមួយដ៏ធំ ហើយមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ អនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនទាំងផ្នែកសាធារណៈ និងឯកជន។
ជាលទ្ធផល៖
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគាំទ្រ និងបន្តអនុស្សរណៈសហប្រតិបត្តិការ (Memorandum of Cooperation-MOC) ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពប្រទេសជប៉ុន លើកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាពនៅកម្ពុជារយៈពេល ៥ (ប្រាំ) ឆ្នាំទៀត
• បានគាំទ្រកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ជាមួយសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ហើយក្រសួងនឹងចុះហត្ថលេខាជាសាក្សីលើអនុស្សរណៈនោះ
• បានគាំទ្រការវិនិយោគ និងបានផ្តល់ប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនក្រុមហ៊ុន សោម៉ា ខូប៊ែលកូ វ៉ធើរ សឹបផ្លាយ ឯ.ក ដែលមានទីតាំងផលិតកម្មនៅសង្កាត់កោះដាច់ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុនឯកជនកម្ពុជា និងក្រុមហ៊ុនឯកជនជប៉ុន ដែលកាលនោះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងនូវការកត់សម្គាល់ថា នេះជាលើកទី១ ដែលក្រុមហ៊ុនឯកជនជប៉ុនវិនិយោគដោយផ្ទាល់ក្នុងវិស័យទឹកស្អាតនៅកម្ពុជា
• ក្រសួងនឹងត្រៀមចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Kobelco Eco-Solutions Co., Ltd. ដើម្បីពង្រីក និងន្លឿនការអភិវឌ្ឍន៍ទឹកស្អាតខ្នាតតូចនៅកម្ពុជា។ • ក្រសួងបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ដែលមានសមត្ថភាពខាងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសវិស័យឯកជនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
តាមរយៈការចូលរួមអង្គសិក្ខាសាលានៅថ្ងៃនេះ នឹងទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែមទៀតពីគ្នាទៅវិញទៅមក ក៏ដូចជាស្វែងយល់អំពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ព្រមទាំងឱកាសក្នុងការវិនិយោគ និងចូលរួមអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាឱ្យមានការរីកលូតលាស់កាន់តែប្រសើរថែមទៀត។ ខ្ញុំសូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់វាគ្មិន និងពិភាក្សាដេញដោលលើបញ្ហាផ្សេង ដើម្បីស្វែងយល់ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់ការអភិវឌ្ឍន៍ទឹកស្អាតប្រកបដោយចីរភាពស្របតាមបរិបទរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះមិត្តជប៉ុន និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ ដែលបានចូលរួមចំណែកមិនអាចកាត់ថ្លៃបានក្នុងគ្រប់កាលៈទេសៈដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យទឹកស្អាត។ ការចូលរួមនិងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ម្ចាស់ជំនួយ ជាពិសេសភាគីមិត្តជប៉ុន នឹងធ្វើឱ្យប្រជាជនកម្ពុជាដែលបានទទួលទានទឹកស្អាត នៅតែនឹកនៅតែចាំជានិច្ច ស្របតាមសុភាសិតខ្មែរដែលថាបានផ្លែឈើហូបត្រូវ នឹកឃើញដល់អ្នកដាំដើមឈើ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ