ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (TSGM) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា) រួមជាមួយ អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ(យូណេស្កូ) បានរៀបចំ ”ពិធីដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រ” សម្រាប់គម្រោងស្តីពី “ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” ដោយសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ពិធីដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រ នេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរួមមាន ឯកឧត្តម បណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam)នាយក ការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងអ្នកចូលរួមជាតិនិងអន្តរជាតិដទៃទៀត។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) និងអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ(យូណេស្កូ) បានឯកភាពគ្នាធ្វើការលើគម្រោង “ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ក្នុងគ្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងចំនួន ១ ១៥០ ០០០ លានដុល្លារអាមេរិក(មួយលានមួយរយហាសិបពាន់ដុល្លារអាមេរិក)។ បន្ទាប់ពីការអនុវត្តគម្រោងរយៈពេល៥ឆ្នាំ(២០១៥-២០២០) គម្រោងនេះទើបតែបញ្ចប់ដោយពិធីដាក់ឲ្យដំណើរការគេហទំព័រនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
គោលបំណងនៃគម្រោងនេះគឺផ្តោតលើ ១)ដើម្បីអភិរក្សនិងធ្វើឌីជីថលបណ្ណសារនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលត្រូវបានចារលើការចងចាំអន្តរជាតិនៃការចុះឈ្មោះពិភពលោកក្នុងឆ្នាំ២០០៩ ២)ដើម្បីគាំទ្រដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីអភិវឌ្ឍទៅជាកន្លែងកសាងការអប់រំ និងសន្តិភាព ដែលយុវជន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសាធារណជនទូទៅ អាចទទួលបានព័ត៌មាន អំពីប្រវត្តិសាស្ត្ររបស់ពួកគេ និងបន្តកិច្ចពិភាក្សាអំពីសន្តិភាពនិងអហិង្សា និង ៣)ដើម្បីកសាងសមត្ថភាព បុគ្គលិកនៅ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីគ្រប់គ្រង បណ្ណសារ។
ប័ណ្ណសារត្រូវបានបញ្ចូលទៅក្នុងគេហទំព័រជាពីរភាសា ជួយសម្រួលដល់ប្រជាជនកម្ពុជានៅជនបទ យុវជន និង អ្នកស្រាវជ្រាវអន្តរជាតិហើយវាបានរួមចំណែកដល់ការអប់រំយុវជនអំពីសន្តិភាពនិងការចងចាំ។ គេហទំព័រនេះត្រូវបានបង្កើតឡើង ដោយសហការយ៉ាងជិតស្និទ្ធជាមួយ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងដោយមានការគាំទ្របច្ចេកទេសនិងការណែនាំដែលផ្តល់ដោយអ្នកជំនាញ ពីអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ(យូណេស្កូ) និងគណៈកម្មាធិការបច្ចេកទេស។
គេហទំព័ររួមមានលក្ខណៈសំខាន់ៗដូចខាងដតទៅ៖ ១).សាធារណជន និងអ្នកស្រាវជ្រាវអាចចូលមើល មូលដ្ឋានទិន្នន័យពីរ ដែលត្រូវបានបង្កើតឡើងដោយគម្រោង មួយផ្នែកផ្អែកលើអ្នកជាប់ឃុំ និងមួយផ្នែកទៀតផ្អែកលើទិន្នន័យ(ឯកសារ) ២). អ្នកប្រើប្រាស់អាចចូលរួមក្នុងការកែលំអមុខងាររបស់គេហទំព័រ តាមរយៈវេទិកាផ្តល់មតិត្រឡប់ ដែលត្រូវបានបញ្ចូលក្នុងវិបផតថល ៣). គេហទំព័រនេះអាចចូលមើលបានទាំងភាសាខ្មែរនិងអង់គ្លេស ៤). គេហទំព័របញ្ចូលបណ្ណសារវិបសាយទៅគេហទំព័រសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង ៥). គេហទំព័ររួមបញ្ចូលទាំងចំណុចប្រទាក់ពីរផ្សេងគ្នា៖ ទី១- វិបផតថលអ្នកប្រើ៖ វិបផតថលអ្នកប្រើ គឺជាវិបផតថលសម្រាប់អ្នកប្រើប្រាស់ (សាធារណជនទូទៅ អ្នកស្រាវជ្រាវ អ្នកសិក្សា។ល។)។ ម្យ៉ាងវិញទៀត នេះគឺជា ចំណុចប្រទាក់(interface) ដែលអ្នកប្រើប្រាស់អ៊ីនធឺណិត នឹងចូលប្រើ។ និង ទី២- ផតថលរដ្ឋបាល៖ ផតថលរដ្ឋបាល គឺជាចំណុចប្រទាក់ ដែលត្រូវបានបង្កើតឡើងសម្រាប់បុគ្គលិក របស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ តាមរយៈ វិបផតថល អ្នកអាយធីនិងបុគ្គលិកប័ណ្ណសារ របស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងអាចធ្វើបច្ចុប្បន្នភាព មាតិកាគេហទំព័រ និងឃ្លាំងទិន្នន័យ រួមមាន (អត្ថបទ បដា តំណភ្ជាប់ ឯកសារកំណត់ត្រា កំណត់ត្រារបស់អ្នកជាប់ឃុំ។ ល។)។ នេះគឺជាមុខងារដែលអាចជួយធ្វើបច្ចុប្បន្នភាពបណ្ណាសារបន្ត។
មុនពេលអនុវត្តគម្រោងនេះ មិនមានមនុស្សច្រើនទេ បានដឹងអំពីឯកសាររាប់ពាន់ដែលបានទុកនៅក្នុងបរិវេណ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បន្ទាប់ពីការរំដោះថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ តាមរយៈគម្រោងនេះ រាល់ឯកសារទាំងអស់ត្រូវបានថែរក្សាយ៉ាងល្អ រហូតមកដល់សព្វថ្ងៃនេះ ហើយឥឡូវនេះអ្នករាល់គ្នាអាចចូលមើលបាន។
គម្រោងនេះបានលើកកម្ពស់សន្តិភាព និងកិច្ចពិភាក្សាអន្តរវប្បធម៌ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្សះផ្សា និងពង្រីកការផ្សព្វផ្សាយ រួមទាំង តាមរយៈ ការអភិរក្សនិងការធ្វើឌីជីថលបណ្ណសារ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ តាមរយៈគម្រោងនេះ សរុបចំនួន ៤០៥ ៧៨២ទំព័រ ត្រូវបានធ្វើឌីជីថល និង ៧៤៥ ៤៩៤ទំព័រ ត្រូវបានរក្សាទុកតាមរយៈគម្រោង (រួមមាន ការបោះពុម្ពរូបថត ហ្វីល ចម្លើយសារភាព ជីវប្រវត្តិ បញ្ជី សៀវភៅបដិវត្ត ទស្សនាវដ្តី សៀវភៅសរសេរដោយដៃរបស់ខ្មែរក្រហម និងឯកសារផ្សេងទៀត)៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ