ភ្នំពេញ ៖ សូមរំលឹកឡើងវិញថា កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ជាអ្នកលក់ផលិតផលអនឡាញ និងត្រូវបានគេផ្តល់រហ្សនាមថាឧកញ៉ាកំពូលស្តេចជេរស្រុកខ្មែរ បានជិះរថយន្ត Prius ស៊េរីទាប បន្លំខ្លួនស្ថិតក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញមើលសឹងមិនស្គាល់ ដើរចូលតុលាការ ទៅតាមការកោះហៅឲ្យចូលបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ម្តងរួចហើយ។ ប៉ុន្តែ ការចូលខ្លួនទៅបំភ្លឺនៅតុលាការនៅពេលនោះ គេពុំបានដឹងថា ឧកញ៉ារូបនេះបានជាប់ពាក់ព័ន្ធនឹងរឿងអ្វីនោះទេ។
ដោយឡែក កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញសមត្ថកិច្ចចុះទៅឡោមព័ទ្ធផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ឧកញ៉ា អ៊ាន សៀវម៉ី ស្ថិតនៅក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្ដែការប៉ុនប៉ងចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍នេះ បានគេចចេញពីផ្ទះរបស់ខ្លួន ហើយកម្លាំងសមត្ថកិច្ចក៏បានដកថយវិញផងដែរ ក្រោយឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង។
ទោះយ៉ាងណា នៅទីបំផុត នារសៀលម្សិលមិញនេះ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ ក៏លេចមុខឧកញ៉ា អ៊ាន សៀវមុី ចូលខ្លួនទៅឆ្លើយបំភ្លឺ ទាក់ទងនឹងបទបរិហាកេរ្តិ៍នោះ ដែលក៏គេនៅពុំដឹងថាដើមបណ្តឹងជាអ្នកណានោះទេ។ តែយ៉ាងណា ក្រោយបំភ្លឺរួច តុលាការក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញផងដែរ។
តែគួរឲ្យកត់សម្គាល់ថា គឺក្រោយឧកញ៉ាខាងលើរូបនេះចូលបំភ្លឺ ស្រាប់តែអ្នកមីងជំទាវ ហ៊ុន ស៊ីណាត ដែលធ្លាប់មានរឿងរ៉ាវជាមួយ ក៏បានលើកឡើងថា៖ «សូមរាស្ត្រទាំងអស់ជួយតាមដានមើលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលាការ ។ » សារព័ត៌មានបានចោទជាសំណួរសួរថា តើលោកស្រីឧកញ៉ាអ៊ានសៀវម៉ី អាចរត់រួចពីសំណាញ់ផ្លូវច្បា-ប់ដែរឬទេ?»។
ជាមួយគ្នានេះផងដែរ អ្នកស្រី ទ្រី ដាណា ដែលក៏ធ្លាប់មានរឿងរ៉ាវចោទពីបទបរិហាកេរ្តិ៍ផ្ទុះកក្រើកពេញបណ្តាញសង្គមដំបូងគេជាមួយឧកញ៉ា អ៊ាន សៀវម៉ី ដែលបានដៀមដាមខ្លួនដូចជា មីស្រីមុខឈើ ឬប្តីដូចកញ្ជះជាដើម ក៏បានស៊ែរវីដេអូ ដោយភ្ជាប់សារមួយឃ្លាបែបនេះថា៖ «ជេគេសាហាវណាស់ តើអ្នកណាយល់អារម្មណ៍មួយនេះ មើលហើយពិចារណាផងបងប្អូន ខ្ញុំតំណាងឲ្យសមាជិកក្នុងដៃជាង៧ម៉ឺននាក់ រង់ចាំការសម្រេចពីតុលាការរកយុត្តិធម៌ឲ្យខ្ញុំ»។ អ្នកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ថា៖ «រង់ចាំការសម្រេចរបស់តុលាការទាំងអស់គ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង