Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាំ​ដុះ​ដូងក្រអូប​សម្រាប់​ការប្រើប្រាស់​ទឹក ដូង​យក​ប្រេង​សម្រាប់​ចម្រាញ់យកប្រេង និង​ដូង​សម្រាប់​ចម្រាញ់​យក​ខ្ទិះ​

​ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃទី​២៩​ខែមករា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​សហការី បាន​អញ្ជើញ​មក​ចម្ការ​ដូង​របស់​ក្រុមហ៊ុន មេ​ហ្គា​ហ្វើ​ស (MEGA First Plantation) ជា​ក្រុមហ៊ុន​ដី​សប្បទាន​សេដ្ឋកិច្ច ដែល​ទទួល​សិទ្ធិ​វិនិយោគ​វិស័យ​កសិកម្ម​លើ​ផ្ទៃដី​ប្រមាណ​ជាង ៩ ៤៧៧​ហ​.​ត នៅ​ឆ្នាំ​២០១២ ស្ថិតនៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចុះបញ្ជី​ប្លង់រឹង​បាន ៦៤១៩​ហ​.​ត បាន​ដាំ ដំណាំ​ដូង​ចំនួន ៧០០​ហ​.​ត ក្នុងនោះ ៨០% ជា​ដូង​យក​ប្រេង (​នាំ​ពូជ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី ផ្លែ​ធំ សាច់​ក្រាស់ ប្រេង​ច្រើន​) ដែលមាន​អាយុកាល ៣​ឆ្នាំ សង្ឃឹមថានឹង​ប្រមូល​ផល ២ ឆ្នាំក្រោយ​។ មាន​មន្ត្រី​ជំនាញ​ចំនួន ៣៥​នាក់​ជា​និស្សិត​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម និង​កម្មករ​ក្នុង​តំបន់​ជាង ២០០​នាក់​បន្ថែមទៀត​។

​គោលបំណង​របស់​ក្រុមហ៊ុន គឺ​ដាំ​ដុះ​ដូងក្រអូប​សម្រាប់​ការប្រើប្រាស់​ទឹក ដូង​យក​ប្រេង​សម្រាប់​ចម្រាញ់យកប្រេង និង​ដូង​សម្រាប់​ចម្រាញ់​យក​ខ្ទិះ​។ សម្រាប់​អនាគត ក្រុមហ៊ុន​គ្រោង​នឹង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​កសិករ​នៅក្នុង​តំបន់​នេះ ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ និង​កសាង​រោងចក្រ កែច្នៃ​ប្រេង បង្កើត​ការងារ បង្កើត​ប្រាក់ចំណូល និង​ប្រើប្រាស់​ដី​តំបន់​ខ្ពង់រាប​ខេត្ត​មណ្ឌល​គី​រី​ឲ្យ​អស់​លទ្ធភាព និង​ទទួលបាន​ប្រសិទ្ធភាព​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ខ្ពស់​។ ក្នុង​ឆ្នាំ ២០២១-២០២២ ក្រុមហ៊ុន​គ្រោង​ដាំ​ឲ្យ​បាន ៥០០០​ម៉ឺន​កូន​បន្ថែមទៀត​។ ក្រៅពី​ការងារ​ដាំ​ដុះ​ដំណាំ​គោល (​ដូង​) ក្រុមហ៊ុន​កំពុង​ដាំ​កៅស៊ូ ក្រូច ស្វាយ និង​ដំណាំ macadamia លើ​ផ្ទៃដី ៥០​ហ​.​ត ដើម្បី​ធ្វើការ​ពិសោធន៍​អំពី​គុណភាព​ដី និង​ក្សេត្រ​បរិស្ថាន​របស់​ប្រភេទ​ដំណាំ​ទាំងអស់នេះ​។ ជាបឋម លទ្ធផល​ទទួលបាន​បង្ហាញ​ថា​ដំណាំ macadamia ដែលជា​ដំណាំ​សេដ្ឋកិច្ច​ថ្មី កំពុងមាន​ទីផ្សារ​នៅក្រៅ​ប្រទេស មានការ​លូតលាស់ និង​ផ្តល់​ផល​បានល្អ​យ៉ាង​ល្អ​។ យោង​លើ​លទ្ធផល​ជាក់ស្តែង ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ដាំ macadamia ឲ្យ​បាន​ច្រើន​នាពេល​អនាគត​។

​ទទួលបាន​របាយការណ៍​ពី​នាយក​បច្ចេកទេស និង​បាន​ចុះ​ពិនិត្យ​ដំណាំ​គ្រប់ផ្នែក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេច​ដូច​បានឃើញ​ជាក់ស្តែង គឺមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ឆ្លៀត​យក​ឲ្យ​កាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សួរនាំ​អំពី​ការរៀបចំ​នីតិវិធី​នៃ​ការអភិវឌ្ឍ​ដី​សប្បទាន​សេដ្ឋកិច្ច ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ការអនុវត្ត​តាម​ផែនការមេ​ដែល​បាន​ឯកភាព ការគ្រប់គ្រង ការងារ​ដាំ​ដុះ បញ្ហា​ទឹក និង​ថាមពលអគ្គីសនី និង​ការ​សាក​ពិសោធន៍​ដំណាំ macadamia​។​ល​។ ចំពោះ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​ខិតខំ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​រោងចក្រ​ធ្វើការ​កែច្នៃ​ប្រេង ទឹក ឬ​ខ្ទិះ​។ មួយវិញទៀត ត្រូវធ្វើ​ការស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ពង្រីក​សក្តានុពល​ដំណាំ macadamia ដែលជា​ដំណាំ​ថ្មី​មួយ​មានតម្លៃ​ខាង​សេដ្ឋកិច្ច​ខ្ពស់ ហើយ​គួរ​ណែនាំ​ឲ្យ​សហគមន៍ និង​កសិករ​ដាំ​ជា​ដៃគូ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​។ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អគ្គនាយកដ្ឋាន​កសិក​ម្ម និង​រដ្ឋបាល​ព្រៃឈើ ក្នុង​បំណង​ធ្វើការ​អភិវឌ្ឍ​ដី​សប្បទាន​សេដ្ឋកិច្ច​នេះ ប្រយោជន៍​ទទួលបាន​នូវ​តម្លៃ​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​សមស្រប​តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ កំណើន​ប្រាក់ចំណូល​គ្រួសារ និង​បង្កើត​ការងារ​ក្នុង​មូលដ្ឋាន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×