ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានជូនដំណឹងដល់និស្សិត សិក្ខាកាមនគរបាល-យោធា និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមានក្នុងប្រទេសវៀតណាមថា យោងតាមសារព័ត៌មានវៀតណាម (Viet Nam News) ចុះផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីបានរកឃើញនូវបណ្តុំនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៨៤ករណី នៅខេត្ត Hai Duong និងខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាឱ្យបិទក្រុង Chi Linh និងអាកាសយានដ្ឋាន Vân Đón រយៈពេល ២១ថ្ងៃ។ ករណីឆ្លងជាច្រើនត្រូវបានរកឃើញនៅក្នុងខេត្ត Hài Duong។
ប្រជាជនក្នុងស្រុកត្រូវបានស្នើឱ្យស្នាក់នៅក្នុងផ្ទះ ប៉ុន្តែអាចចេញពីផ្ទះសម្រាប់តម្រូវការចាំបាច់ ដូចជាទិញអាហារ ថ្នាំសង្កូវ ឬ ករណីសង្គ្រោះបន្ទាន់ ព្រមទាំងទៅធ្វើការងារនៅតាមភ្នាក់ងារ រោងចក្រ សហគ្រាស និងសេវាកម្មដែលចាំបាច់ និងដែលមិនត្រូវបានបិទ។ នៅតាមទីសាធារណៈ ការជួបជុំមនុស្សលើសពីពីរនាក់ ត្រូវបានហាមឃាត់ និងត្រូវរក្សាចម្ងាយ ២ម៉ែត្រពីគ្នា។ សាលារៀន កន្លែងកម្សាន្ត និងអាជីវកម្មមិនចាំបាច់ទាំងអស់ត្រូវបានបិទទ្វារ។ សេវាដឹកជញ្ជូនសាធារណៈចេញពីទីក្រុង Chi Linh ត្រូវបានផ្អាក លើកលែងតែ ករណីផ្លូវការ ឬតម្រូវការបន្ទាន់។
ប្រជាជនត្រូវបាន ស្នើឱ្យពាក់ម៉ាស រក្សាគម្លាត និងជៀសវាងការជួបជុំគ្នា។ ខេត្តក៏បានរៀបចំរបាំង និងប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីគ្រប់គ្រងការចូល និងចេញពីខេត្ត។ តំបន់ ជាច្រើននៅក្នុងប្រទេស ដូចជាទីក្រុងហូជីមិញ ដាណាង ខេត្ត Bác Giang និង Nghe An ក៏បានស្នើ មិនឱ្យមានការជួបជុំមនុស្សច្រើន កាត់បន្ថយពិធីបុណ្យនានា និងអនុវត្តវិធានការសុវត្ថិភាព។
ស្ថានឯកអគ្គរាជទូតបានបន្តថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមនិស្សិត សិក្ខាកាមនគរបាល -យោធា និងប្រជាពលរដ្ឋខ្មែរ កំពុងមានវត្តមានក្នុងប្រទេសវៀតណាម មេត្តាអនុវត្តវិធានការការពារសុវត្ថិភាពការពាក់ម៉ាស លាងដៃ ការរក្សាអនាម័យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។ ករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកកិច្ចការកុងស៊ុលរបស់ស្ថានទូត (+៨៤ ៣៩៤២៤៧៨៨)៕ រក្សាសិទ្ធិដោយៈ ចេស្តារ