នេះគឺជាខណៈពេលដ៏គួរឲ្យភ័យខ្លាចណាស់ នៅពេលដែលខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារប្លន់នៅក្នុងហាងហាំបឺហ្គឺមួយកន្លែង នៅក្នុងប្រទេសប្រេស៊ីល ដែលនាំឲ្យស្ត្រីមានផ្ទៃពោះម្នាក់បានស្រវ៉ាឱបកូនប្រុសរបស់នាងយ៉ាងលឿន ហើយផ្តួលខ្លួនភ្លាមៗ ដើម្បីធ្វើជាខែលការពារកូន។
ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងនៅទីប្រជុំជន Federal of Recanto das Emas ប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃអាទិត្យ ខណៈពេលដែលអ្នកស្រី Rafaela Dantas កំពុងញ៉ាំអាហារជាមួយប្តី និងមិត្តភក្តិរបស់អ្នកស្រី បន្ទាប់ពីបានចូលរួមកម្មវិធីព្រះវិហារក្នុងតំបន់។
អ្នកស្រី Dantas ដែលមានផ្ទៃពោះ ៦ ខែ បានប្រាប់បណ្តាញព័ត៌មានប្រេស៊ីល G1 ថា ដំបូង អ្នកស្រីគិតថាជនសង្ស័យទាំង២ មានការខ្វែងគំនិតគ្នាជាមួយភ្ញៀវម្នាក់ ក្នុងចំណោមភ្ញៀវទាំងអស់នៅក្នុងហាង ដោយពុំបាននឹងគិតថា ពួកគេគឺជាចោរប្លន់នោះទេ។
ខណៈពេលដែលប្រកាសពីចេតនារបស់ពួកគេក្នុងការប្លន់ និងប្រមូលយករបស់ទ្រព្យររបស់ភ្ញៀវ ខ្មាន់កាំភ្លើងបានតម្រង់កាំភ្លើង ទៅរកពួកគេ ឲ្យរត់ចេញពីហាងទាំងព្រលឹងចុងសក់ យករួចតែប្រាសអាយុ។ ហើយនៅពេលនោះផងដែរ ម្តាយដ៏អស្ចារ្យនេះ ក៏បានស្រវាឱប.កកូនប្រុស និងផ្តួលខ្លួនទៅនឹងដីក្បែរជើងតុ ដើម្បីការពារកូនប្រុសអាយុ ៤ ឆ្នាំ របស់នាង។
អ្នកស្រី Dantas និយាយថា៖ «វាជាអ្វីដែលយើងមិនដែលរំពឹងថានឹងកើតឡើង។ នៅក្នុងវេលានៃភាពអស់សង្ឃឹមនៅទីនោះ ប្រតិកម្មដំបូងដែលយើងមាន គឺជាការលើកទឹកចិត្តប៉ុណ្ណោះ»។
ទោះយ៉ាងណា នេះចាត់ទុកជាសំណាងផងដែរ ដែលពុំមានភ្ញៀវណាម្នាក់របួស និងគ្រោះថ្នាក់ដល់អាយុជីវិត នៅក្នុងអំពើប្លន់ប្រដាប់អាវុធនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង