Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះ​ព្រហ្មចារី​យ៍ សម្បុក​ទេសចរណ៍​ប្លែក​ថ្មី​កឿង​ទើរ​កណ្ដាល​ជលសា ស្អាត​ដូច​នាងក្រមុំ​អ្នក​ខេត្តក្រចេះ

​ក្រចេះ ៖ ជិះ​កាណូត​ធ្វើដំណើរ​តាម​ទន្លេមេគង្គ​ប្រមាណ​តែ ២០ នាទី​ប៉ុណ្ណោះ ភ្ញៀវទេសចរ​នឹង​បាន​ទៅដល់​កោះ​ព្រហ្មចារី​យ៍​ជាក់​ជាមិនខាន់ ខណៈ​កោះ​ដ៏​ទាក់ទាញ​មួយ​នេះ​ត្រូវបាន​គេ​ល្បី​តៗ​គ្នា​ថា «​មាន​ទេសភាព​ស្រស់ស្អាត ប្រៀប​ដូច​ក្រមុំ​ព្រហ្មចារី​យ៍​» យ៉ាង​ដូច្នេះ​ឯង​។​

​កោះ​ព្រហ្មចារី​យ៍ ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​» ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ចម្ងាយ​ប្រមាណ​តែ ១៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​។​

​ជិះទូក​សម្លឹង​ទន្ទឹង​មើល​ភក្ត្រ បំណង​ជឿជាក់ថា​បាន​ជួប​ថ្លៃ ល្បីឈ្មោះ​យូរហើយ​កោះ​ព្រហ្មចារី​យ៍ មកដល់​ផ្ទះ​ថ្លៃ​ស្អាត​ដូច​គេ​ថា​។ ក្រមុំ​ស្រុក​ក្រៅ​មិន​ស្មើ​អូន​ទេ ទេសចរ​លង់​ស្នេហ៍​ឆោម​កែវ​កនិដ្ឋា គ្រប់លក្ខណ៍​ប្រពៃ​សម​នឹង​ចរិយា គាប់​ដួងនេត្រា​សឹង​គ្មាន​ចន្លោះ​។ ម្លប់ឈើ​ប្រក់​បាំង​ត្រជាក់​គង្គា ហាត់​ហែល​ហូរហៀ​ប៉ប្រះ​មាត់​កោះ ឆ្នេរ​ខ្សាច់​ធម្មជាតិ​សន្ធឹង​សក្បុស រចនា​សម្រស់​ក្រោម​មេឃ​ខៀវខ្ចី​។ កោះ​នេះ​ខេមរា​ច្នៃ​ជា​ទេសចរណ៍ ផ្សព្វផ្សាយ​ខ្ទារ​ខ្ទ័រ​ដល់​ជាតិ​ដទៃ សម្បូរ​សម្បត្តិ​ធនធាន​លើដី ជាប់​នាម​កើត​ថ្មី​អេកូ​ទេសចរណ៍​។​

​នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ ប្រតិភូ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ឯកឧត្តម គង់ សូលី​ដា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ឯកឧត្តម ហេង សុខ​ចំរើន នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ លោកជំទាវ ឆាយ ស៉ី​វលី​ន ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ព្រមទាំង​មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍ និង​ក្រុម​អ្នកសារព័ត៌មាន អមដំណើរ​ដោយ​លោក ចាន់ សុគ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ និង​លោក ប៉ុន សំបូរ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នោះ​កោះ​ព្រហ្មចារី​យ៍​នេះ​។​

​ស្ថិតក្នុង​ឱកាស​នោះ លោក ចាន់ សុគ​ន្ធី បាន​អំពាវនាវ​ផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន​ដែល​រួម​ដំណើរ​ជាមួយគ្នា​នោះ ទៅកាន់​ភ្ញៀវទេសចរ​ថា គួរតែ​ទៅ​ទស្សនា​កោះ​សហគមន៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​នោះ ពិសេស​គឺ​ដើម្បី​បាន​ទស្សនា​សត្វ​ផ្សោត សត្វ​ក្ដាន់​ដែល​សុទ្ធតែជា​សត្វ​កម្រ មក​ទស្សនា​កោះ​ព្រហ្មចារី​យ៍​ដែលមាន​ទេសភាព​ព្រៃឈើ ព្រៃ​លិច​ទឹក​មាន​ក្បូរក្បាច់​ល្អ​ពី​ធម្មជាតិ ឆ្នេរ​ខ្សាច់​សក្បុស​ដ៏​ស្រស់ស្អាត​ដូច​សាច់​នារី​ក្រមុំ​ព្រហ្មចារី​យ៍ ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ ព្រមទាំង​បាន​ទស្សនា​ទេសភាព​ដង​ទន្លេមេគង្គ​ទាំងមូល​ផងដែរ​។​

​លោក​អនុប្រធាន​មន្ទីរ ប៉ុន សំបូរ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​សហការ​ជាមួយ​អង្គការ WWF រៀបចំ​បង្កើត​សហគមន៍​ថ្មី​មួយ​ឡើង​នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ដោយ​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​»​។ ការបង្កើត​សហគមន៍​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សហគមន៍​មូលដ្ឋាន​មាន​សិទ្ធិអំណាច​ក្នុងការ​គ្រប់គ្រង និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគមន៍​របស់ខ្លួន ព្រមទាំង​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ទេសចរណ៍ លើកកម្ពស់​ជីវភាព កាត់បន្ថយ​ការ​ចំណាកស្រុក ពិសេស​គឺ​ដើម្បី​ចូលរួម​ការពារ​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់ មានដូចជា​ធនធាន​ព្រៃឈើ សត្វព្រៃ ពិសេស​គឺ​សត្វ​ក្ដាន់ សត្វ​ផ្សោត​។​

​នៅក្នុង​សហគមន៍​មាន​សក្ដានុពល​ទេសចរណ៍​ជាច្រើន ដូចជា ដង​ទន្លេមេគង្គ​ដែលមាន​ភាព​ទាក់ទាញ​យ៉ាងសំខាន់ កោះ​ព្រហ្មចារី​យ៍​ដែលជា​សម្បុក​នៃ​ទេសភាព​ដ៏​ស្រស់ត្រកាល​ចម្រុះ​សម្បូរបែប ការ​ទស្សនា​សត្វ​ផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ ពិសេស​គឺ​ការ​ទៅ​ទស្សនា​សត្វ​ក្ដាន់​ដែលជា​សត្វ​កម្រ​ហើយ​នៅមាន​វត្តមាន​ក្នុង​តំបន់​នេះ និង​សក្ដានុពល​ផលិតផល​ទេសចរណ៍​ជាច្រើន​ទៀត​។ ក្រៅពីនេះ ភ្ញៀវទេសចរ​អាច​ជិះទូក​-​កាណូត​ទស្សនា​តាម​ដង​ទន្លេ ដើម្បី​មើល​សត្វ​ផ្សោត និង​ទៅលេង​លើ​កោះ​ព្រហ្មចារី​យ៍ ស្ទួ​ច​ត្រី ពិ​ច​និក​នៅលើ​កោះ និង​សកម្មភាព​ទេសចរណ៍​ជាច្រើន​ទៀត​។​

​លោក​បាន​បន្តថា តាមរយៈ​ផែនការ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តក្រចេះ នៅមាន​សកម្មភាព​មួយចំនួន​ដែល​ត្រូវអនុវត្ត​ជា​បន្តទៀត ដូចជា វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​គណៈកម្មាការ និង​សមាជិក​-​សមាជិកា​សហគមន៍​ទៅលើ​មូលដ្ឋានគ្រឹះ​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ការគ្រប់គ្រង​ផលិតផល និង​សេវាកម្ម​អេកូ​ទេសចរណ៍ ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់​សហគមន៍ ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការគ្រប់គ្រង​ការ​សំណល់​ក្នុង​វិស័យ​ទេសចរណ៍ និង​ការធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​កម្រិត​សហគមន៍​ផងដែរ​។​

​បើតាម​លោក ប៉ុន សំបូរ ដំណើរ​ដើមទង​នៃ​ការដាក់​ឈ្មោះ​កោះ​ធម្មជាតិ​កណ្ដាល​ដង​ទន្លេមេគង្គ​មួយ​នេះ គឺ​ពីដំបូង​ឡើយ អ្នកស្រុក​នៅ​ទីនោះ​ហៅ​កោះ​នេះ​ថា «​កោះ​យ៉ៃ​» ប៉ុន្តែ​ក្នុងពេលដែល​លោក ឡូយ សុផាត នៅ​ធ្វើជា​អភិបាលខេត្ត​ក្រចេះ លោក​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​នៅលើ​កោះ​នេះ​មុនគេ ហើយដោយ​ឃើញ​ទីធ្លា​ខ្សាច់​ស្អាត​សក្បុស ទេសភាព​គួរ​ជាទី​រមណីយ ដែល​ប្រៀបដូចជា​នារី​ក្រមុំ​ព្រហ្មចារី​យ៍ ហើយ​មិនទាន់មាន​អ្នកណា​ទៅលេង​កម្សាន្ត​ផង​នោះ លោក​ក៏​សម្រេច​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកភាព​ដាក់ឈ្មោះ​កោះ​នេះ​ថា «​កោះ​ព្រហ្មចារី​យ៍​» តែម្ដងទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×