ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងចំការមន នឹងជួយបង្កើនសមត្ថភាពផលិតទឹក បាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្ន ពី ៦០ម៉ឺនម៉ែត្រគូប/ថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០២៤។
ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត ស្របតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកផ្ទៃសេវារបស់ខ្លួន ឱ្យបាន ១០០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំនូវផែនការមេដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០។ នៅក្នុងផែនការមេដំណាក់កាលទី៣នេះ បានកំណត់ នូវកម្មវិធីវិនិយោគដ៏ធំ ដែលមានទំហំថវិកាប្រមាណជា ៥០០លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនសមត្ថភាព ផលិតទឹកស្អាតបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្ន ។
គម្រោងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនា ខែតុលា ឆ្នាំ២០១៩។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន មានសមត្ថភាពផលិតទឹកស្អាត ៥ម៉ឺន២ពាន់ម៉ែត្រគូប/ថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ១ម៉ឺន២ពាន់ម៉ែត្រគូប/ថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្តាញបំពង់ទឹកស្អាត ប្រវែង៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨ម៉ឺននាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្តាញទឹករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញប៉ែកខាងត្បូង។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោង ស្ថិតនៅសង្កាត់បាក់ខែង មានចំងាយ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាង មានទំហំធំទូលាយងាយស្រួល ក្នុងការតម្លើងបំពង់មេ ដែលមានអង្កត់ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ពិសេសជាងនេះទៀត នោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក នៅព្រះរាជាណាចក្រកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០ម៉ឺនម៉ែត្រគូប/ថ្ងៃ។
ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបានកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តម្មទឹកស្អាត បាក់ខែង តាមរយៈការប្រកួតប្រជែងដេញថ្លៃ ជាលក្ខណៈអន្តរជាតិ នាឆ្នាំ២០១៩ ហើយនេះក៏ជាការអនុវត្តគម្រោងសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាលើកទី៣ របស់ក្រុមហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រគល់ឱ្យ។ ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និរោធជំហានទី២ (២០១៤-២០១៧) និងការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន (២០១៧ ២០១៩)។ សរុបតម្លៃកិច្ចសន្យាសាងសង់ទាំងបីមានប្រមាណជា ២១០លានដុល្លារសហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងពង្រីកបំពង់មេ និងបំពង់ចែកចាយទឹករបស់ខ្លួន នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលគិតដល់ឆ្នាំ២០២៥ មានបំពង់មេនាំទឹកអង្កត់ផ្ចិតធំ ប្រវែងប្រមាណជា១០០គីឡូម៉ែត្រ និងបំពង់ចែកចាយមានអង្កត់ផ្ចិតតូច ប្រវែងប្រមាណជា ១ពាន់គីឡូម៉ែត្រ ត្រូវការថវិកាសម្រាប់ វិនិយោគប្រមាណជា១៧០លានដុល្លារអាមេរិក។ តាមរយៈការពង្រីកបណ្តាញបំពង់នេះ ប្រជាពលរដ្ឋប្រមាណជាង១លាននាក់ នឹងទទួលបានទឹកស្អាតប្រើប្រាស់ផ្ទាល់ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្ថែម។
គួរបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រឈមនឹងកំណើនតម្រូវការ នៃការប្រើប្រាស់ទឹកស្អាតយ៉ាងគំហុក ចាប់តាំងពីដើមឆ្នាំ២០១០មក។ កំណើននេះ បានកើតឡើងដោយសារ សកម្មភាពសាងសង់សំណង់អគារខ្ពស់ៗ ក៏ដូចជាប្រជាពលរដ្ឋមានការកើនឡើង។ ជាកិច្ចឆ្លើយតប រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានបង្កើនសមត្ថភាព ផលិតទឹកស្អាតរបស់ខ្លួនឡើងទ្វេរដង ចាប់ពីឆ្នាំ២០១២ ដល់២០១៧ ក្នុងក្របខណ្ឌផែនការមេដំណាក់កាលទី២ ឆ្នាំ២០០៥ ដល់ឆ្នាំ២០២០៕
រក្សាសិទ្ធិដោយ៖CEN