នៅកូរ៉េខាងត្បូងមានកម្មវិធីមួយ ហៅថា “កសិដ្ឋានសត្វ” ដែលជំនាញក្នុងការជួយសង្គ្រោះដល់ពពួកសត្វធ្លាក់ខ្លួន… អនាថា តាមដងវិថី។
…ខែកក្កដា ឆ្នាំ ២០១៧ រឿងវ៉ាវពីររបស់សុនកដែលមានវាសនាពិសេស ព្រោះវាឈរលើចិញ្ចើមថ្នល់មួយពុំព្រមចាកចេញទៅណា ទោះបីភ្លៀង ក្តៅយ៉ាងណាក៏ដោយចុះ។
ពលរដ្ឋនៅក្បែរនោះ បានឃើញវាដើរចុះដើរឡើង ហើយរោមកាន់តែវែងទៅៗ។ ៤ខែហើយពុំឃើញវាចាកចេញពីទីនេះសោះ វាបន្តឈរនៅទីនោះ សូម្បីតែពេលយប់អាធ្រាតក្តី។
អ្នកដែលនៅក្បែរនោះ ចាប់ផ្តើមងឿងឆ្ងល់ ហើយគិតថា វាហាក់កំពុងរង់ចាំអ្វីមួយ ហើយចំពោះសុនកគ្មានអ្វីក្រៅពីរង់ចាំម្ចាស់ជាទី “ស្រឡាញ់” របស់វាទេ។ ម្ចាស់ហាងមួយនៅក្បែរនោះដែរតែងយកអាហារឲ្យវាស៊ីពុំលោះពេល។
ក្រោយពេលដែលកម្មវិធី “កសិដ្ឋានសត្វ” ប្រទះឃើញ គេបាននាំយកវាទៅមន្ទីរពេទ្យសត្វដើម្បីទទួលពិនិត្យព្យាបាលជំងឺ។ ពេលនោះទើបឃើញលេខ “កូដ” នៅជាប់ត្រចៀករបស់វា។ តាមរយៈលេខកូដនោះគេក៏ទំនាក់ទំនងរកម្ចាស់។
នៅពេលរកឃើញម្ចាស់ ពួកគេក៏បញ្ចាំងខ្សែវីដេអូ ថតទុក១ឲ្យទស្សនា។ ស្ត្រីជាម្ចាស់និយាយទាំងអួលដើមក ស្រក់ទឹកភ្នែកទាំងពុំដឹងខ្លួនថា ៖ “ពិតណាស់! វាគឺ “ទឹកជ្រលក់ផ្អែម” (ឈ្មោះរបស់វា) របស់ពួកខ្ញុំ។ វានៅជាមួយពួកយើងតាំងពីតូច។ ពេលអាយុបាន ៦ខែ មិត្តប្រុសរបស់ខ្ញុំ បានយកវាកាដូឲ្យមិត្តសម្លាញ់គាត់ ស្មានពុំដល់ថា… គេបានបោះបង់វាចោល!”។ ម្ចាស់ស្រីរូបនេះក៏សុំវាមកចិញ្ចឹមបីបាច់វិញ។
ក្រោយពីសម្អិតសម្អាងយ៉ាងស្អាត ពួកគេនាំវាទៅជួបម្ចាស់។ ដំបូងវាហាក់ដូចជាចម្លែកចិត្ត ប៉ុន្តែក្រោយពេលម្ចាស់ស្ទុះមក បបោសអង្អែលវាស្គាល់ក្លិនភ្លាម ហើយសប្បាយ ហក់លោតឱបថើបម្ចាស់របស់វា ម្ចាស់វានិយាយទាំងទឹកភ្នែកថា ៖ “ពីពេលនេះទៅនិងពុំអាចឃ្លាតចេញបានទៀតទេ!”។
សង្ឃឹមថា វាសនាកំសត់របស់វាបញ្ចប់ត្រឹមនេះចុះ!