ភ្នំពេញ ៖ ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ មានអណ្តូងទី១ ដំណើរការបានរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល ដោយក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល ។
តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេនៅក្នុងដំណាក់កាលទី១នេះ ទោះបីជាកម្ពុជាបានទទួលតំណក់ប្រេង លើកដំបូង កាលពីចុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ