ភ្នំពេញ ៖ ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៣៥.៧លានដុល្លារអូស្ត្រាលី(ស្មើនឹងចំនួនប្រមាណជា២៨លានដុល្លារអាមេរិច) សម្រាប់ការធ្វើលទ្ធកម្ម និងការចាក់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធិភាពក្នុងប្រទេសកម្ពុជាពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។
ឯកឧត្តមអគ្គរាជទូត Kang បានមានប្រសាសន៍ថា “ជំនួយរបស់យើងនឹងជួយចាក់វ៉ាក់សាំងដល់ប្រជាជនកម្ពុជាយ៉ាងហោចណាស់ចំនួន១.៥លាននាក់ ហើយនិងជួយឧបត្ថម្ភកម្ពុជា ក្នុងការទទួលបានទូទាំងប្រទេសនូវវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក”។
ថ្ងៃនេះ ឯកឧត្តមអគ្គរាជទូត Kang និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរួមគ្នាធ្វើសេចក្តីប្រកាសអំពីជំនួយខាងលើនេះ។
ជំនួយថ្មីបំផុតនេះ នឹងជាការបន្ថែមទៅលើថ្នាំវ៉ាក់សាំងដែលកម្ពុជានឹងទទួលបានដោយមិនគិតថ្លៃតាមរយៈយន្តការពហុភាគី (COVAX) ដែលអាចគ្របដណ្តប់រហូតដល់២០ភាគរយ នៃប្រជាជនកម្ពុជា។ ប្រទេសអូស្ត្រាលីក៏បានផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដល់យន្តការនេះផងដែរ។
ស្ថានទូតអូស្ត្រាលី ប្រចាំនៅរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពី ការគាំទ្ររបស់អូស្ត្រាលីលើកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។
នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា និងអូស្ត្រាលី សូមប្រកាសជាផ្លូវការថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញ ប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥,៧ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។
ហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលីនេះ អាចនឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជាប្រមាណ ១,៥ លាន នាក់។ ការរួមចំណែកនេះ នឹងជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័សនូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាជនកម្ពុជាឱ្យបាន ៨០% នៃចំនួនប្រជាជនសរុប។
ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាជនកម្ពុជា និងមួយចំនួនតូចនឹងត្រូវប្រើប្រាស់សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបែងចែក និងគ្រប់គ្រងវ៉ាក់សាំង, ធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង, និងដើម្បីធានាថា ប្រជាជនកម្ពុជាអាចទទួលបានព័ត៌មានច្បាស់លាស់ អំពីដំណើរការនៃការចាក់វ៉ាក់សាំងបង្ការនេះ។
ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាម ជាអ្នកជិតខាង និងជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយក្នុង ការគាំទ្រកម្ពុជាក្នុងគ្រាលំបាកនេះ។ អូស្ត្រាលីទទួលស្គាល់ថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើគ្រប់គ្នាមិនទាន់មានសុវត្ថិភាព ហើយការគាំទ្ររបស់អូស្ត្រាលីនឹងការជួយដល់កម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនប្រជាជនកម្ពុជាបានយ៉ាងហោចណាស់ចំនួន ១,៥ លាននាក់ និង ការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។
ដ្បិតកម្ពុជាបានចៀសផុតនូវផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក៏ដោយ ការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជានកម្ពុជាឱ្យបានទូទាំងប្រទេស នៅតែជាកត្តាដ៏សំខាន់ក្នុងការទប់ស្កាត់ និងបង្ការការរាលដាលនៃជំងឺកូវីដ -១៩ នាពេលអនាគត និងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលី ដែលឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់របស់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា យើងខ្ញុំសូមសារទររដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីចំពោះស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះរួមគ្នា ដែលនាំឱ្យយើងអាចស្តារសេដ្ឋកិច្ច និងវិបុលភាពរបស់យើងទាំងអស់គ្នាឡើងវិញ ។
ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ គឺជាជំនួយ ដែលបន្ថែមលើជំនួយអភិវឌ្ឍន៍ចំនួន ៦៦ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៥០ លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាលអូស្ត្រាលី នឹងផ្តល់ជូនកម្ពុជាក្នុងឆ្នាំ ២០២១ ស្ថិតក្រោមផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ -១៩ កម្ពុជា-អូស្ត្រាលី ដែលបានប្រកាសដាក់ឱ្យអនុវត្តការជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
ឯកឧត្តមឯកអគ្គរាជទូត បានមានប្រសាសន៍ថា ការផ្តល់មូលនិធិសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍជាប្រចាំរបស់យើង នឹងផ្តោតលើការគាំទ្រដល់ការឆ្លើយតបផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាទៅនឹងជំងឺរាតត្បាត ហើយការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ នឹងបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ គឺជាការបង្ហាញជាថ្មី អំពីការប្តេជ្ញាចិត្ត ដ៏យូរអង្វែង និងការគាំទ្រប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាលអូស្ត្រាលី ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងអនាគតដ៏រុងរឿងរបស់កម្ពុជា។
ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ ជាការបំពេញបន្ថែមលើជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលកម្ពុជានឹងទទួលបានពី CovAX ដែល
គ្រោងសម្រាប់ ២០% នៃប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ។ រដ្ឋាភិបាលអូស្ត្រាលី ក៏បានរួមចំណែកផ្តល់មូលនិធិដល់ covAX ដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ