ភ្នំពេញ : ថ្មីៗនេះ មានការភ្ញាក់ផ្អើលទៀតហើយ ខណៈរូបភាពប៉ុន្មានសន្លឹក ត្រូវបានចែករំលែក បង្ហាញឲ្យមុខបុរសៗយ៉ាងច្បាស់ៗ ដែលត្រូវបានគេចោទប្រកាន់ថា គឺជាចោរដែលបានដាក់ថ្នាំម្ចាស់អាជីវកម្មប្តូរលុយ និងសេវាដក និងដាក់លុយទ្រូម៉ានីម្នាក់។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Met Chan Reach បានបង្ហោះរូបភាព និងភ្ជាប់សារសូមឲ្យអ្នកប្រកបអជីវកម្មប្តូរលុយ ឬ សេវាទ្រូម៉ានី ទាំងអស់ ត្រូវបានការប្រុងប្រយ័ត្នឲ្យមែនទែន។ ក្នុងនោះ ម្ចាស់គណនីខាងលើបានប្រាប់ឲ្យដឹងថា៖ «មុខចោរដែលដាក់ថ្នាំយកលុយតាមទ្រូម៉ាន់នី សូមបងប្អូនប្រុងប្រយ័ត្នកុំឲ្យដូចខ្ញុំ ឥឡូវសមត្ថកិច្ចកំពុងរកមុខវាឲ្យមកផ្គល់ចម្លើយ»។
ទោះយ៉ាងណា ជនរងគ្រោះខាងលើ ពុំបានបញ្ជាក់ឲ្យដឹងពីទំហំនៃការបាត់បង់ប្រាក់ក្នុងករណីនេះទេ។ ហើយនៅពេលគេសួរនាំអំពីថាតើចោរនោះ ដាក់ថ្នាំដោយរបៀបម៉េច ក៏ពុំត្រូវបានឆ្លើយតបនោះដែរ។ តែយ៉ាងណា យើងមានតែរង់ចាំមើលថាតើសមត្ថកិច្ចអាចស្វែងរកមុខបុរសរងការចោទប្រកាន់នេះ មកផ្តល់ចម្លើយ ដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន ឬយ៉ាងណា!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង