ភ្នំពេញ៖បុរសជាកម្មករម្នាក់បម្រើការក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង ត្រូវថ្មម៉ាបបាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់ ខណៈពេលកំពុងបំពេញការងារ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យឹមបូណា ភេទប្រុស អាយុ៣៣ ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុខាងលើ មានប្រពន្ធនិងកូន មានស្រុកំណើតនៅខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្មករនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើការ ដោយបានលីថ្មម៉ាបមួយផ្ទាំងធំ ហើយមិនដឹងថាមូលហេតុអ្វីស្រាប់តែដួល បណ្តាលឱ្យថ្មម៉ាបនោះ សង្កត់ពីលើចំក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមមួយរំពេចនៅកន្លែងកើតហេត។ បន្ទាប់មកដូចជាមានការលាក់បាំងជនជាតិចិនម្នាក់ក៏បានឲ្យលុយទៅកម្មករដឹកសពបុរសជនរងគ្រោះទៅទម្លាក់ចោលនៅក្នុងវត្តរួចក៏ព្រះសង្ឃនិងលោកអាចារ្យមិនទទួលសពហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាម។
ក្រោយពេលកើតហេតុសមត្តកិច្ចមូដ្ធានចុះមកពិនិត្យ សពជនរងគ្រោះ និងធ្វើឯកសារប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តពោធិ៍សាត់៕ រក្សាសិទ្ធិដោយ៖ សា មេត