ខេត្តកំពត៖ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា រាល់ការវិនិយោគរបស់វិស័យឯកជន មិនអាចធ្វើតែម្នាក់ឯង ទទួលបានលទ្ធផលសម្រេចនោះទេ។ ហើយការចូលរួមសហការពីអាជ្ញាធរខេត្ត ជាការចាំបាច់សម្រាប់អ្នកវិនិយោគ។
ក្នុងឱកាសរៀបរៀងសៀវភៅមគ្គុទេសវិនិយោគខេត្តកំពត-កែប ឯកឧត្តម ងួន ម៉េងតិច បានដឹកនាំសមាជិកសភាពាណិជ្ជកម្ម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានជួបពិភាក្សាជាមួយឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងបានលើកឡើងពីកិច្ចសហការរបស់អាជ្ញាធរខេត្តជាកក្តាចាំបាច់មិនអាចខ្វះបាន ក្នុងការរួមគ្នាស្វែងរកនូវទិន្នន័យវិនិយោគផ្សេងៗ នៅក្នុងខេត្តដើម្បីជាព័ត៌មានសំខាន់សម្រាប់អ្នកចង់វិនិយោគនៅក្នុងខេត្ត។
ក្រោយពេលបានស្តាប់របាយការណ៍ដ៏ក្បោះក្បាយ អំពីលក្ខណៈទូទៅរបស់ខេត្តកំពតឃើញថា ខេត្តជាប់មាត់សមុទ្រមួយនេះ ឯកឧត្តម ងួន ម៉េងតិច បានលើកឡើងថា ខេត្តកំពតពិតជាមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យ ហើយឱកាសវិនិយោគនៅក្នុងខេត្តកំពត ក៏មានច្រើនលើសគេផងដែរ។ ប៉ុន្តែដើម្បីកៀរគរ អ្នកវិនិយោគឱ្យមកបោះទុនបានច្រើននោះ សភាពាណិជ្ជកម្មត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ ព្រោះទាំងវិស័យឯកជន រួមទាំងប្រធានសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្តផង មិនអាចធ្វើការងារអ្វីមួយបានសម្រេច ដោយគ្មានការចូលរួមសហការពីអាជ្ញាធរនោះទេ។
ចំពោះការរៀបរៀងសៀវភៅមគ្គុទេសវិនិយោគខេត្តកំពត-កែប ក៏ដូចគ្នាដែរគឺ ទាមទាការចូលរួមសហការពីអភិបាលខេត្ត រដ្ឋបាលខេត្តទាំងមូល ដើម្បីធ្វើឱ្យសៀវភៅមានព័ត៌មានគ្រប់ជ្រុងជ្រោយ ងាយស្រួលដល់អ្នកវិនិយោគយកទៅវិភាគ ពិចារណាមុននឹងបោះទុនវិនិយោគនៅកម្ពុជាប្រកបដោយជោគជ័យ។
ជាមួយគ្នានោះ លោក ជាវ តាយ អភិបាលខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យពិសេស កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ទោះស្ថិតនៅវិបត្តិកូវីដ១៩ក៏ដោយ ប្រាក់ចំណូលរបស់ខេត្តនៅតែប្រមូលបានចំនួន ១៤០ភាគរយ ខណៈដែលតម្លៃដីធ្លី ដំណង់អគារ និងការអភិវឌ្ឍផ្សេងៗនៅតែបន្តកើនឡើងឥតឈប់ឈរពីមួយខែទៅមួយខែ៕រក្សាសិទ្ធិដោយ៖CEN