ភ្នំពេញ៖ នៅថ្ងៃទី២ខែកុម្ភៈ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាបន្តអនុស្សរណយោគយល់គ្នា ស្តីពី ការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី៦។
សូមបញ្ជាក់ការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) បានចុះអនុស្សរណៈនៃការយោគយល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦ ដែលមាន គណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរនិងការងារនៃសាធារណរដ្ឋកូរ៉េ ជាប្រតិបត្តិករ។
គិតចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦៨ ២៩៤នាក់ (ស្រី ១៤ ២៥៥នាក់) ក្នុង វិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ឆ្នាំ ១០ខែ។ បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានចំនួនប្រមាណ ៤៥ ៤៦២នាក់ (ស្រី ១០ ១៨៣នាក់)។ តាំងពីចាប់ផ្តើមនៃការបញ្ជូនមក កម្ពុជាតែងតែជាប់ចំណាប់ថ្នាក់ល្អជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅសាធារណរដ្ឋកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបានកម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពក្នុងការបញ្ជូន ដោយសារកម្ពុជាមានស្ថានភាពកូវីដ-១៩ល្អប្រសើរ, មានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជាខុសច្បាប់មានកំរិតទាបបើធៀបជាមួយប្រទេសបញ្ជូនផ្សេងទៀត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ