ដោយហៅការរឹបអូសអំណាចរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាការវាយលុកដោយផ្ទាល់ទៅលើការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃចន្ទ បានគំរាមដាក់ទណ្ឌកម្មសារជាថ្មីទៅលើប្រទេសនេះ បន្ទាប់ពីរបបយោធាបានឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សានស៊ូជី, ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint និងមេដឹកនាំនយោបាយដទៃទៀត ដោយមូលហេតុក្រុមយោធា មិនពេញចិត្តនឹងការឈ្នះ ឆ្នោត រួមទាំងការចោទប្រកាន់ថា ការបោះឆ្នោតមានការក្លែងបន្លំ។
យោធាបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងផ្ទេរអំណាចទៅអគ្គមេបញ្ជាការឧត្តមសេនីយ Min Aung Hlaing ហើយលោកនឹងកាន់កាប់ប្រទេសនេះរយៈពេលមួយឆ្នាំ។
អ្នកនាំពាក្យរបស់សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានដកស្រង់សម្តីដោយនិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សកាន់អំណាចត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ដោយយោធា កាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើរដ្ឋប្រហាររឹបអូសយកអំណាចរបស់យោធានៅក្នុងប្រទេសភូមា (មីយ៉ាន់ម៉ា), ការឃុំខ្លួនលោកស្រីអ៊ុងសានស៊ូជី និងមន្ត្រីស៊ីវិលផ្សេងទៀត និងការប្រកាសអំពីភាពអាសន្នរបស់រដ្ឋ គឺជាការរំលោភដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសទៅរកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោកក៏បានពន្យល់ថា «នៅក្នុងលទ្ធិប្រជាធិបតេយ្យ កងកម្លាំងមិនគួរស្វះស្វែងផ្តួលរំលំឆន្ទៈប្រជាជន ឬប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោត ដែលគួរឲ្យទុកចិត្តនោះទេ។ អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដែលប្រជាជនភូមា បាននិងកំពុងធ្វើការជាប្រចាំដើម្បីបង្កើតការបោះឆ្នោតអភិបាលកិច្ចស៊ីវិល និងដោយសន្តិវិធី។ ដំណើរការនេះគឺគួរតែត្រូវបានគោរព»។
លោក Biden បានបញ្ជាក់ថា សហគមន៍អន្តរជាតិគួរតែរួមគ្នាជាធ្លុងមួយ ដើម្បីដាក់សម្ពាធទៅលើយោធារបស់មីយ៉ាន់ម៉ា ឱ្យលះបង់អំណាចដែលពួកគេបានកាន់កាប់ ដោះលែងសកម្មជន និងមន្ត្រីដែលពួកគេបានឃុំខ្លួន ដកការរឹតត្បិតលើផ្នែកទូរគមនាគមន៍ទាំងអស់ ហើយចៀសវាងអំពើហិង្សាលើជនស៊ីវិល។
លោក Biden បានបន្តថា សហរដ្ឋអាមេរិកកំពុងកត់សម្គាល់អ្នកដែលឈរជាមួយប្រជាជនភូមា នៅក្នុងស្ថានភាពដ៏លំបាកនេះ។ លោក Biden ក៏បានអះអាងថា សហរដ្ឋអាមេរិកនឹងក្រោកឈរឡើងដើម្បីប្រជាធិបតេយ្យនៅគ្រប់ទីកន្លែង ដែលស្ថិតក្រោមការវាយប្រហារ។
លោកក៏បានបញ្ជាក់បន្ថែមថា យើងនឹងធ្វើការជាមួយដៃគូរបស់យើងនៅទូទាំងតំបន់ និងពិភពលោក ដើម្បីគាំទ្រដល់ការស្តារលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាទទួលខុសត្រូវចំពោះអ្នកដែលទទួលខុសត្រូវចំពោះការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់ភូមា។
គួររំឭកថា សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសភូមាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយផ្អែកលើវឌ្ឍនភាពឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ហេតុនេះ ការផ្លាស់ប្តូរនៃការរីកចម្រើននេះនឹងចាំបាច់ត្រូវពិនិត្យឡើងវិញជាបន្ទាន់ នូវច្បាប់និងអាជ្ញាធររបស់យើង ហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង