ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងកសាងស្ថានីយបូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា “ស្ថានីយបូមទឹកទួលពង្រ” ជាមួយនិងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឱ្យបានទំហំទទឹង៨ម៉ែត្រ ដើម្បីរំដោះទឹកនៅតំបន់ជាយក្រុងពិសេស នៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។
គម្រោងខាងលើនេះបានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី០២ កុម្ភៈនេះ នៅសាលារាជធានី ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងនោះលោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា៖ ចំពោះការងារ ពាក់ព័ន្ធនិងការងាររំដោះទឹកយើងត្រូវតែធ្វើហើយ ទាំងការស្តារប្រឡាយឱ្យបានធំរហូតដល់៨ម៉ែត្រ និងការងារស្ថាបនាស្ថានីយបូមទឹកទួលពង្រជាដើម។ អ្វីដែលសំខាន់នោះគឺបញ្ហាថវិកា ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងត្រូវតែប្រឹងប្រែង ជាមួយនិងការគៀងគរពីបងប្អូនប្រជាពលរដ្ឋពិសេសម្ចាស់បុរីធំៗឱ្យចូលរួម ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ដើម្បីឱ្យការងារខាងលើនេះដំណើរការទៅដោយរលូននិងលឿនទាន់ពេលវេលានោះ នៅថ្ងៃសៅរ៍នាចុងសប្តាហ៍នេះលោកនឹងអញ្ចឹញចុះទៅពិនិត្យប្រឡាយនិងទីតាំងខាងលើដោយផ្ទាល់តែម្តង ដើម្បីជម្រុញការងារនេះឲ្យបានលឿនទាន់រដូវប្រាំងងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ