ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកម្មន្តសាល និងកសិកម្ម ជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចឱ្យមានកំណើនងើបឡើងវិញយ៉ាងឆាប់រហ័ស ពីវិបត្តិសកលដែលបង្ករឡើងជំងឺកូវីដ-១៩។
ឯកឧត្តម បានឱ្យដឹងថា ប្រទេសដែលពឹងផ្អែកលើវិស័យទាំងពីរនេះ អាចជួយឱ្យសេដ្ឋកិច្ចមានសន្ទុះលឿនជាងគេនាពេលបច្ចុប្បន្ន ដែលល្អជាងការពឹងផ្អែកលើវិស័យសេវាកម្ម។ ឯកឧត្តមបន្តថា វិស័យទាំងពីរនេះ ក៏នឹងជួយកសាងភាពរឹងមាំ និងភាពធន់ដល់សេដ្ឋកិច្ចផងដែរ។
ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា «ការយកចិត្តទុកដាក់របស់យើងគិតទៅលើដង្ហើមសេដ្ឋកិច្ច (economic lifeline) គឺកសិកម្ម និងកម្មន្តសាល។ សព្វថ្ងៃនេះប្រទេសដែលអាចងើបលឿនជាងគេពីវិបត្តិកូវីដ-១៩ គឺប្រទេសដែលមានសមត្ថភាពខាងផ្នែកកម្មន្តសាល និងកសិកម្ម។ ប្រទេសដែលពឹងផ្អែកលើសេវាកម្ម គឺងើបយឺតជាងគេ»។
ឯកឧត្តមបញ្ជាក់បន្ថែមថា កសិកម្មនៅកម្ពុជាមានវិសាលភាពធំ ដែលមិនត្រឹមតែអាចផ្គត់ផ្គង់ក្នុងស្រុកទេ តែថែមទាំងមានសមត្ថភាពនាំចេញ ហើយសព្វថ្ងៃវិស័យកសិកម្មមានសក្តាពនុលដ៏ធំធេងក្នុងការពង្រីកបន្ថែមទៀតដើម្បីជំរុញដល់ការនាំចេញ។
តាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិនិយោគិននៅតែបន្តមានសុទិដ្ឋិនិយមចំពោះវិស័យកម្មន្តសាលនៅកម្ពុជា ដោយមានរោងចក្រធុនធំបើកថ្មីចំនួន ២០៩ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលភាគច្រើនជាងរោងចក្រកែច្នៃលោកហៈធាតុ។ មន្ត្រីជំនាញរបស់ធនាគារជាតបានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា វិស័យកម្មន្តសាលនឹងមានភាពល្អប្រសើរឡើង ស្របពេលដែលការនាំចេញផលិតផលកសិកម្មនឹងកើនជាងមុននៅឆ្នាំនេះ។
របាយការណ៍បានបញ្ជាក់ថា ទីផ្សារអាស៊ាន អាមេរិក សហភាពអ៉ឺរ៉ុប និងចិន កំពុងក្លាយជាទីផ្សារនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដែលធ្វើឱ្យវិស័យនេះបន្តងើបឡើងបន្តិចថែមទៀតក្នុងអត្រា ៣ ភាគរយនៅឆ្នាំនេះផងដែរ៕
រក្សាសិទ្ធិដោយ៖CEN