ភ្នំពេញ ៖ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួបទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានផ្ញើសារចូលរួមអបអរសាទរជូនព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសហរដ្ឋអាមេរិកទាំងមូល។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានាថ្ងៃច័ន្ទនេះ។
“ក្នុងរយៈពេលជាង ៧០ ឆ្នាំមកនេះ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានថែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍រួម។ ការកើនឡើងនៃភាពជាដៃគូរវាង សហរដ្ឋអាមេរិក និងកម្ពុជា បាននាំមកនូវវិបុលភាព សន្តិភាព និងសន្តិសុខ ជូនដល់ប្រជាជននៃប្រទេសយើងទាំងពីរ។ សហរដ្ឋអាមេរិក នឹងបន្តគាំទ្រកម្ពុជា ឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់។” នេះបើតាមសាររបស់ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក្នុងទិវាបុណ្យឯករាជ្យជាតិកម្ពុជា។
សាររបស់លោក Marco Rubio រដ្ឋមន្រ្តីក្រសួងការបរទេស បញ្ជាក់ថា «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យរបស់កម្ពុជា។
អស់រយៈពេលជាង៧០ឆ្នាំមកហើយដែល យើងបានរក្សាទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលកំពុងរីកចម្រើនបាននាំមកភាពរីកចម្រើន សន្តិភាព និងសន្តិសុខជូនប្រជាជនយើងទាំងពីរ។ សហរដ្ឋអាមេរិកទន្ទឹងរង់ចាំបន្តការគាំទ្ររបស់យើង សម្រាប់ប្រទេសកម្ពុជាដ៏រឹងមាំ ឯករាជ្យ និងភាពធន់។
សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ក្នុងឱកាសដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមជូនពរឲ្យលោកអ្នកមានពិធីអបអរសាទរដ៏សប្បាយរីករាយ និងសន្តិភាព នៅក្នុងឱកាសខួបលើកទី ៧២ នៃឯករាជ្យជាតិនៃប្រទេសរបស់លោកអ្នក៕ រក្សាសិទ្ធដោយ៖សុទ្ធលី





