ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្ដីប្រតិភូនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា កម្ពុជាប្រឈមនឹងការស្រកស្រុតវិនិយោគនៅឆ្នាំ២០២១នេះ ហើយអាចនឹងសាយភាយដល់ឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងកិច្ចសម្ភាសន៍ជាមូយអ្នកសារព័ត៌មាន ឯកឧត្តមសុខ ចិន្តាសោភា បន្តថា ក្នុងឆ្នាំ២០២០ ការវិនិយោគនៅកម្ពុជា ស្រកស្រុតតែ១២ភាគរយ ដោយសារតែមានការសិក្សាពីវិនិយោគិនតាំងពីឆ្នាំ២០១៧, ២០១៨ និង២០១៩ ដើម្បីសិក្សាសា្រវជ្រាវ និងសម្រេចវិនិយោគក្នុងឆ្នាំ២០២០។
ឯកឧត្តម បានបន្ថែមថា សម្រាប់ឆ្នាំ២០២០ គ្មានវិនិយោគិនណា មកសិក្សាស្រាវជ្រាវវាយតម្លៃ ដើម្បីវិនិយោគក្នុងឆ្នាំ២០២១ឡើយ ដោយសារតែវិបត្តិកូវីដ១៩ មានន័យថា បើមានវិនិយោគិន មកវិនិយោគនៅកម្ពុជាមុននឹងចូលមកត្រូវពិនិត្យសុខភាពពីប្រទេសខ្លួនជាមុនសិន។ ចូលមកដល់កម្ពុជា ត្រូវធ្វើចត្តាស័ករយៈពេល១៤ថ្ងៃ មុននឹងចេញទៅបំពេញការងាររបស់ខ្លួន។ បន្ទាប់ពីបញ្ចប់ការងារនៅកម្ពុជា ត្រូវត្រឡប់ទៅប្រទេសខ្លួនវិញ ក៏ត្រូវធ្វើចត្តាស័ក១៤ថ្ងៃដូចគ្នា។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យវិនិយោគិនមិនមកវិនិយោគ។
ឯកឧត្តម បានមានប្រសាសន៍ថា «ចំពោះខ្ញុំ ការវិនិយោគឆ្នាំ២០២០ អត់មានស្រកស្រុត នៃការវិនិយោគនោះឡើយ ព្រោះជារឿងដែលគេសម្រេចពីមុន ប៉ុន្ដែវិនិយោគក្នុងឆ្នាំ២០២១-២០២៣ ជាលទ្ធនៃការសិក្សារបស់អ្នកវិនិយោគ ដែលបានសិក្សាក្នុងឆ្នាំ២០២០ ទើបអាចមានការវិនិយោគក្នុងឆ្នាំ២០២១ ប៉ុន្ដែបើឆ្នាំ២០២០កន្លងទៅមិនមានវិនិយោគិនណា មកសិក្សាវិនិយោគផង ដូច្នេះឆ្នាំ២០២១នេះ នឹងស្រកស្រុតនៃការវិនិយោគ»។
សូមជម្រាបថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានគម្រោងវិនិយោគ សរុបចំនួន២៣៨គម្រោង សរុបទុនវិនិយោគចំនួន ជាង ៨,២៥០លានដុល្លារ ធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន៣១៥គម្រោង ទុនវិនិយោគ ៩,៣៩៧លានដុល្លារ៕
រក្សាសិទ្ធិដោយ៖CEN