ភ្នំពេញ ៖ នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យចង់ជឿសោះ ខណៈដែលហាងមួយបានប្រកាសទិញចូលនូវសម្លៀកបំពាក់ ឈប់ប្រើប្រាស់ ឬ សម្លៀកបំពាក់មួយទឹក ដោយថ្លឹងជាគីឡូក្នុងតម្លៃសមរម្យ ដោយបានបញ្ជាក់ថា គឺដើម្បីចូលរួមកាត់បន្ថយកាកសំណល់ខោអាវ និងជម្រុញការកែច្នៃឡើងវិញ។
នេះបើយោងតាមហាងខាងលើ ដែលមានហ្វេសប៊ុកផេកឈ្មោះ RENUU Phnom penh បានប្រកាសទិញ ដោយបានរៀបរាប់ឲ្យដឹងថា៖ «សម្រាប់បងៗណាដែលមានសម្លៀកបំពាក់ ដែលបងឈប់ប្រើប្រាស់ បងៗអាចយកមកលក់នៅហាង RENUU Phnom Penh បានណាបង 1kg=1ដុល្លារ ចូលរួមកាត់បន្ថយកាកសំណល់ខោអាវ និងជម្រុញការកែច្នៃឡើងវិញ»។
ក្រោយពីបានឃើញការប្រកាសទិញដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ មហាជនបានចូលខមិនសួរនាំថា៖ «ពិតអត់បង ខ្ញុំមានច្រើនណាស់, តើអត់រេីសចាស់ថ្មី ឬ រហែកយកអត់បង?”។ រីឯអ្នកខ្លះទៀតហាក់យល់ពីការទិញនេះ បាននិយាយបែបនេះថា៖ “ចាស់ចេញ ថ្មីចូល, ទិញ១គីឡូ 1$ លក់វិញ ១ឈុត =1$ ហាសហា”។ ចំណែក អ្នកខ្លះទៀតក៏បានក្រើនរំលឹកថា៖ «បើដូច្នេះមែន ក៏ត្រូវប៉ាន់លោកចោរដែរ ហេតុនេះសូមហាលខោអាវ ប្រយ័ត្នប្រយែងផង ក្រែងអស់ពីស្នួរខានពាក់»។
ទោះយ៉ាងណា យើងក៏មិនដឹងច្បាស់ថាតើនេះជាការពិត ឬ យ៉ាងណានោះទេ ខណៈផេកហាងខាងលើ ក៏ពុំបានឃើញឆ្លើយតបចំពោះការខមិនសួរនាំពីអ្នកចង់លក់នោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា សូម Inbox មក និងថាច្រើនពេកឆ្លើយអត់អស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង