ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានករណីចោរឆក់គួរឲ្យភ្ញាក់ផ្អើល ដោយចោរជិះម៉ូតូ Zoomer ប្រើល្បិចជាដឹកហ្គាស បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជនបរទេសម្នាក់បានសម្រេច និងឆក់កាបូបបុរសម្នាក់ទៀត ដែលកំពុងដើរឆ្លងកាត់ផ្លូវ តែមិនបានសម្រេច។
តែទោះយ៉ាងណា ពាក្យចាស់លោកពោលមិនខុសមែន កុកអាចភ្លេចជុង តែជង់មិនភ្លេចកុកនោះទេ ដែលនៅទីបំផុត ជនសង្ស័យជាចោរដែលប្រើល្បិចជាដឹកជញ្ជូនហ្គាស២នាក់ ឆក់កាបូបស្ត្រីបរទេសបានសម្រេចនៅចំណុចផ្លូវ ៩៥ ក្នុងទឹកដី ខណ្ឌចំការមន កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ។
នេះបើយោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនទៅដល់សាធារណជនឲ្យដឹងថា៖ «បន្ទាប់ពី ទទួលបានព័ត៌មានអំពីករណីឆក់ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការទំនាក់ទំនង និងផ្តល់ព័ត៌មានបន្តភ្លាមដល់ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចុះដល់ទីតាំងជួបជនរង និងស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ ។
រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើស លួចមានស្ថានទំងន់ទោស (ឆក់កាបូប) ពីស្ត្រីជនជាតិបរទេសម្នាក់ដែលកំពុងដើរនៅចំណុច៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១២និង៥១នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងឆក់កាបូបមិនបានសម្រេចពីបុរសម្នាក់កំពុងដើរនៅចំណុចផ្លូវ១២៣ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១៧ និង០៣នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ។
ជនសង្ស័យឃាត់ខ្លួន ៖ ១-ឈ្មោះ ធុង សៅនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ហ្គាស ២-ឈ្មោះ រិត រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករដឹកហ្គាស។ជនសង្ស័យទាំងពីរនាក់ស្នាក់នៅផ្ទះជួលលេខ៩៥ ផ្លូវ៦៤១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាកZOOMER ពណ៌ស ស្លាកលេខ ភ្នំពេញ1IF7281 លេខតួ-ម៉ាស៊ីន 5111116 (ម៉ូតូជិះធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកំពុងឃុំខ្លួន និងសាកសួរបន្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់»។
ជាមួយនឹងការកោតសរសើរ ចំពោះកម្លាំងសមត្ថកិច្ច ដែលបានខិតខំស្រាវជ្រាវចាប់បានចោរខាងលើ ក្នុងនោះពលរដ្ឋម្នាក់ក៏បានលើកឡើងបែបនេះថា៖ «បើខ្ញុំធ្វើតំណាងរាស្ត្រ ខ្ញុំនឹងស្នើច្បាប់អោយកាត់ម្រាមដៃម្តងមួយចំពោះចោរលួច ចោរឆក់ អ្នករត់គ្រឿងញៀន ដើម្បីទុកចំណាំទៅថ្ងៃក្រោយ។ ចំពោះអ្នកចាប់រំលោភវិញ យកដែកសញ្ញាជើងក្អែកដុតឲ្យក្រហមយកមកបោះកណ្តាលថ្ងាស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង