ភ្នំពេញ ៖ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ។កម្មវិធីនេះធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កិច្ចព្រៀមព្រៀងនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយដោយផ្ដល់នូវប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ លើសពីនេះវាអាចស្ដារឡើងវិញនូវសេដ្ឋកិច្ចប្រទេសទាំងពីឲ្យបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលវិបត្តិកូវីដ-១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេភាគី គឺគ្របដណ្ដប់ទៅលើទំនិញមួយចំនួនដូចជា៖ មានស្តង់ដារ បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យ ភូគាមអនាម័យ។
លោកលើកឡើងថា៖«កិច្ចព្រមព្រៀង CKFTA នេះនឹងពង្រីកបន្ថែមទៀតលើការធ្វើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទាំងពីរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីនេះៗ។
ជាពិសេសកិច្ចព្រមព្រៀងនេះនឹងលើកកម្ពស់នាំចេញរបស់កម្ពុជាទៅកាន់សាធារដ្ឋកូរ៉េបន្ថែមទៀតលើមុខទំនិញនាពេលកន្លងមក មានដូចជា ផលិតផលសម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និង ផលិតផលកសិកម្ម ជាដើម។ សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមានយានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។»
គួរបញ្ជាក់ថា បន្ទាប់ពីប្រកាសបញ្ជប់ការចរចារជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីក្នុងស្រុកសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលឆ្នាំ២០២១នេះ។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងមានតម្លៃ ៨៨៤ លានដុល្លារគិតត្រឹមខែធ្នូឆ្នាំ ២០២០ ដែលជាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ១៤ ភាគរយនេះបើយោងតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។
ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញផលិតផលចំនួន ៣១៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងពោលគឺធ្លាក់ចុះ ១៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ ប្រទេសកម្ពុជាបាននាំចូលទំនិញពីកូរ៉េខាងត្បូងចំនួន ៥៦៧ លានដុល្លារពោលគឺធ្លាក់ចុះ ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕
រក្សាសិទ្ធិដោយ៖CEN