Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី ណែនាំ​ឲ្យ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​។​

​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ដូចតទៅ​៖
១-​ហាម​ដាច់ខាត ៖ មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សម្លេង​ផ្ទះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ​។ មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង ។ រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។

២-​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា ត្រូវអនុវត្ត​នូវ​វិធាន​សុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19 និង​ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង ការអុជ​ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ជា យថាហេតុ ។ ដោយឡែក​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត ហាម​ដាច់ខាត​មិន ឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ​ឬ​ទ្រូងផ្លូវ​សាធារណៈ​។​

៣-​ចាប់ពីពេលនេះ​តទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត កុំឱ្យ​មានការ នាំចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

៤-​គ្រប់​អង្គភាព សាលាខណ្ឌ និង​សង្កាត់ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ និយោជិត កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។

៥-​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។​

៦-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​

៧-​ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ​ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×