រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ សាលាបឋមសិក្សាចតុមុខ ត្រូវបានសម្ពោធជាសាលាគំរូអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត តំណាងក្រសួង អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាងមាតាបិតា និងតំណាងសិស្សានុសិស្ស សរុបប្រមាណ ១០០នាក់។
ថ្លែងក្នុងពិធីសម្ពោធនាសាលាបឋមចតុមុខ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ «ការជ្រើសរើសយកសាលាបឋមសិក្សាចតុមុខជាសាលាសាលាគំរូអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ គឺត្រូវបានធ្វើឡើងដើម្បីអនុវត្តន៍សកម្មភាពសុខភាពសិក្សាសុខភាពសិក្សាគ្រប់ជ្រុងជ្រោយមុនគេ ស្របតាមយុទ្ធសាស្ត្រទាំងប្រាំបួន ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា»។
លោកបានបន្តថា សុខភាពអ្នកសិក្សាគឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកដល់ការធានាឲ្យបាននូវគុណភាព និងការកើនឡើងនៃអត្រាបញ្ចប់ការសិក្សា ហេតុដូចនេះហើយ ការលើកកម្ពស់សុខភាពសិក្សា មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាមូលដ្ឋានគ្រឺះដ៏រឹងមាំនិងមិនអាចខ្វះបាន។
ឆ្លើយតបនឹងយុទ្ធសាស្ត្រដែលមានចែងក្នុងគោលនយោបាយស្តីពីសុខភាពសិក្សា សាលាបឋមសិក្សាចតុមុខ បានអនុវត្តសកម្មភាពសិក្សាជ្រុងជ្រោយមុនគេ ដែលរួមមានការអភិវឌ្ឍនក្របខណ្ឌច្បាប់និងយន្តការ ការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាពនិងមេត្រីភាព ការលើកកម្ពស់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងគ្រឺះស្ថានសិក្សា ការលើកកម្ពស់ការអប់រំសុខភាព ការលើកកម្ពស់ការអនុវត្តបំណិនសុខភាព និង ការលើកកម្ពស់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សាចតុមុខគឺជាសាលារៀនដំបូងគេដែលបានបើកបវេសនកាលជាប្រវត្តិសាស្ត្រដើម្បីប្រមូលសិស្សានុសិស្សចូលរៀនវិញ ក្រោយថ្ងៃជ័យជំនះ៧ មករា ១៩៧៩ ហើយបច្ចុប្បន្ន សាលាបឋមសិក្សាចតុមុខបានផ្តល់ការអប់រំដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។
ជាមួយគ្នានោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានធ្វើការទស្សនកិច្ចសកម្មភាពនិងថ្នាក់រៀនមួយចំនួន ដូចជាអាហារដ្ឋានក្នុងសាលាបឋមសិក្សាចតុមុខ បន្ទប់កុំព្យូរទ័រ សួនបន្លែបៃតង ការលាងសម្អាតដៃនិងដុសសម្អាតធ្មេញ និងការបង្រៀនមុខវិជ្ជាអប់រំសុខភាព។
កម្មវិធីនេះត្រូវបានចូលរួមគាំទ្រ ឧបត្ថម្ភនិងរៀបចំដោយដៃគូអភិវឌ្ឍន៍ GIZ, Plant International, SEAMEO INNOTECH, Brien Holder Foundation សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សប្បុរសជន វិស័យឯកជន រួមមានក្រុមហ៊ុនអិម អេស អេ សូលូស្សិនអេស៊ា ក្រុមហ៊ុនខេ ប៊ី អេស ខេ និងក្រុមហ៊ុនឃីនណូឃែជាដើម៕
រក្សាសិទ្ធិដោយ៖CEN