បាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង១៧ និង ១០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងក្នុងអង្គភាព ឃាត់ខ្លួនក្រុម ក្មេងបង្កអនាធិបតេយ្យចំនួន០៦នាក់ យកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក។
មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៉ិន បូរមី ភេទប្រុសអាយុ២០ ឆ្នាំរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញរោងជាង ជួសជុលម៉ូតូមួយកន្លែងរបស់គាត់ក្នុងមូលដ្ឋានខាងលើ បណ្តាលឱ្យខូចខាតដោយអន្លើនាថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១ដោយពុំដឹងមូលហេតុ។
ទទួលបានព័ត៌មានភ្លាមនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុក ដឹកនាំកម្លាំងចេញប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបានភ្លាមៗចំពោះក្រុមក្មេងបង្កអនាធិបេត្យខាងលើចំនួន០៦នាក់ យកមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាន។
អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ នៅចំពោះមុខ សមត្ថកិច្ចនគរបាលស្រុក ក្រុមក្មេងៗទាំងនេះ បានឆ្លើយសារភាពថា មូលហេតុដែលពួកគេ យកដុំថ្មគប់បំផ្លាញរោងជួសជុលម៉ូតូរបស់ជនរងគ្រោះខាងលើនេះ គឺមិនមែនដោយសារគំនុំអ្វីនោះទេ តែសកម្មភាពរបស់ពួកខ្លួនបែបនេះគឺគ្រាន់ជាការកម្សាន្តសប្បាយតែប៉ុណ្ណោះ។
ក្រោយការជួសជុលសំណងទៅជនងគ្រោះជា ម្ចាស់តូបរួចមកសមត្ថកិច្ចនគរបាលបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាដោយឱ្យឪពុកម្តាយធានាយក ទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ