Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្នាក់ដឹកនាំ​កម្ពុជា​វៀតណាម អះអាង​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ពូន​ជ្រុំ ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ​

​ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ខ្លឹមសារ​កិច្ចសន្ទនា​តាម​ទូ​ស័ព្ទ​រវាង​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​។​

​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទូរស័ព្ទ​ទៅ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ដោយបាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ ឯកឧត្តម ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​សាជាថ្មី​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម​អាណត្តិ​ទី​១៣​។​

​នៅក្នុង​ជំនួប​តាម​ទូរស័ព្ទ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ញើជូន​នូវ​អំណរ​សាទរ​ចំពោះ​សមាជិក បក្សកុម្មុយនិស្ត​វៀតណាម​ទាំងអស់​ក្នុងឱកាស​ខួប​លើក​ទី​៩១ នៃ​ការបង្កើត​បក្សកុម្មុយនិស្ត​វៀតណាម និង​ការ រៀបចំ​មហាសន្និបាត​ប​ក្ស​លើក​ទី​១៣ ប្រកបដោយ​ជោគជ័យ​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សង្កត់ធ្ងន់ថា ក្រោម​ទស្សនវិស័យ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​

​កុ​ម្មុយ​និ​ស្ត​វៀតណាម​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ​ជោគជ័យ និង​ការរក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។ សម្តេច​តេ​ជោ បាន​កោតសរសើរ​វៀត​ណា​ម​ដែល​បាន​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ និង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អាណត្តិ​២០២០-២០២១ ប្រកបដោយ​ជោគជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ស្ថិតនៅក្រោម​ភាពជា​រដ្ឋបុរស និង ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង បក្សកុម្មុយនិស្ត​វៀតណាម​នឹង​អនុវត្ត​នូវ​រាល់​គោល​មាគ៌ា នយោបាយ និងសេចក្តីសម្រេច ដែល​ត្រូវ​បានអនុម័ត​នៅក្នុង​មហាសន្និបាត​បក្សកុម្មុយនិស្ត​វៀតណាម លើក​ទី​១៣ ដោយ​ជោគជ័យ ដើម្បី​ប្រែក្លាយ​វៀតណាម​ទៅជា​ប្រជាជាតិ ប្រជាធិបតេយ្យ និង​អារ្យធម៌ ដ៏​ខ្លាំង​មួយ ប្រកបដោយ​សមធម៌​។​

​ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ទូរស័ព្ទ​មក​អបអរសាទរ ក្នុងឱកាស​ខួប​លើក​ទី​៩១ នៃ​ការបង្កើត​បក្សកុម្មុយនិស្ត​វៀតណាម និង​ការ រៀបចំ​មហាសន្និបាត​ប​ក្ស​លើក​ទី ១៣ ដែល​បានបញ្ចប់​ដោយ​ជោគជ័យ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង ឯកឧត្តម​សាជាថ្មី ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម អាណត្តិ​ទី​១៣​។ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ក៏បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ដល់​សម​ភាគី វៀតណាម ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ដ៏​ស្និទ្ធស្នាល​ជា​ប្រពៃណី ភាពជា​អ្នកជិតខាង​ល្អ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព និង​យូរអង្វែង​រវាង​កម្ពុជា និង​វៀតណាម​។​

​អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម បាន​ជម្រាបជូន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អំពី លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៃ​មហាសន្និបាត​បក្ស​លើក​ទី​១៣ និង​បាន​អះអាង​សាជាថ្មី​ថា សមិទ្ធផល​នេះ ជា​ត្រីវិស័យ​តម្រង់ទិស​យ៉ាងច្បាស់​សម្រាប់​គោលដៅ​អភិវឌ្ឍ​របស់​បក្សកុម្មុយនិស្ត និង​ប្រជាជាតិ​វៀតណាម ក្នុង​ទសវត្សរ៍​ខាងមុខ​។ អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម ក៏បាន​កោតសរសើរ​ក​ម្ពុ​ជា ចំពោះ សមិទ្ធផល​ដ៏​ធំធេង​ដែល​សម្រេចបាន នៅក្រោម​រជ្ជកាល​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​នៅក្រោម​ការដឹកនាំ​ប្រកបដោយ​ទស្សន វិស័យ និង​ភាពរឹងមាំ​របស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ។ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ក៏បាន​ប្រសិទ្ធពរ​ជូន​ប្រជាជន​កម្ពុជា​ឲ្យ​ជម្នះ​បាន​នូវ រាល់​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ -១៩ និង​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព និង​ភាពសម្បូររុងរឿង​យូរអង្វែង ដែល រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អគ្គលេខាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម បាន​វាយតម្លៃ ខ្ពស់​ចំពោះ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​យូរអង្វែង និង​បានកត់សម្គាល់​ដោយ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការ រីកចម្រើន​កាន់តែ​រឹងមាំ​នៃ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ រវាង​គណបក្ស​កំពុង​ដឹកនាំ​ក៏ដូចជា រវាង​ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ដែល​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​កាន់តែច្រើន​ថែមទៀត​ជូន ប្រជាជន​កម្ពុជា និង​វៀតណាម​។ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​រំលឹក​ឡើងវិញ​ដោយ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ ការជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​អំឡុង​ពេល​នៃ​ការរំដោះ​ជាតិ និង​ដំណើរ​ការកសាង​ជាតិ ។ ថ្នាក់ ដឹកនាំ​ទាំងពីរ បានបញ្ជាក់​អះអាង​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ពូន​ជ្រុំ ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ និង​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ តាមរយៈ​ការអនុវត្ត រាល់​កិច្ចព្រមព្រៀង​ទាំងអស់​អោយមាន​ប្រសិទ្ធភាព និង​ឲ្យ​បាន​ទាន់ពេលវេលា ក្នុង​គោលបំណង​លើកតម្កើង​
​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​បាន​ខ្ពស់​មួយកំរិត​ទៀត ដើម្បី​ជា​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស​ទាំងពីរ ក៏ដូចជា​តំបន់ និង​ពិភពលោក​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​អញ្ជើញ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ទន្ទឹមនេះ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ក៏បាន​អញ្ជើញ សម្តេច​តេ​ជោ​ហ៊ុនសែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម នៅពេល​វេលា​សមស្រប​ផងដែរ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័​ក្តិ

 

×