ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំថា៖ កុំសន្តិភាពថា «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន» ពួកគេអាចជ្រកនៅទីតាំងដែលយេីងនឹកស្មានមិនដល់ក៏អាចថាបាន។ សូមអាជ្ញាធរខណ្ឌនិងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យនិងបោសសម្អាតឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
ការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេងបែបនេះបានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាបនិងបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃសៅរ៍ ទី០៧ មីនា២០២៦នេះនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៌ថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះនៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខ។ ដូច្នេះយើងនៅពេលតែ១
សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ។ កន្លងមកនេះយើងអនុវត្តការងារនេះបានល្អប្រសើរហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងកុំសន្តិភាពពេក ពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់។ ជាមួយនិងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះហើយ ល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយ សូមបន្តដើរលើផ្លូវនេះទៅមុខទៀត សំដៅធ្វើយ៉ាងណា ឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ្មាននៅក្នុងមូលដ្ឋានរបស់យើងគ្រប់គ្រង។
ក្នុងឱកាសនោះឯកឧត្ដមអភិបាលរាជធានីក៏បានធ្វើការកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងកងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានធ្វើការងារបង្ក្រាបនិងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះកន្លងមកទទួលបានជោគជ័យល្អ។
តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ។ សម្ដេចធិបតីក៏បានលេីកឡេីងថាការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមឃួង ស្រេង បានស្នើឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ នៅពេលអនុវត្តការងារនៃប្រតិបត្តិការណ៍បង្រ្កាបបោសសម្អាត (ONLINE SCAMS) នេះ ត្រូវតែម៉ត់ចត់និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្តើមពីការទ្វេសប្រហែសនេះ។ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវតែអស់នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦។ ចំពោះការងារបន្ត គឺអាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាបនិងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម។
ជាមួយគ្នានោះដែរឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើការណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ។ បន្ថែមពីនេះខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោនិងខណ្ឌដូនពេញ។ល។
ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រត្រូវចុះទៅសាកសួរសុខទុក្ខគាត់ពីជីវភាពរស់នៅរបស់គាត់។ឯកឧត្ដមបន្តទៀតថាក្រោយបញ្ចប់យុទ្ធនាការនេះទៅធានាថាស្អាតគ្មាន (ONLINE SCAMS) គ្រឿងញៀនក៏ត្រូវធ្វើរួមគ្នាធ្វើយ៉ាងណារាជធានីភ្នំពេញយើងក្លាយជាតំបន់ស៕ រក្សាសិទ្ធដោយ៖សុទ្ធលី







