Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី BLUETRIBE របស់ UNDP លើកកម្ពស់​ស្តង់ដារ​សមត្ថភាព​សម្រាប់​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ធុរកិច្ច​ថ្មី (startups) ពោរពេញ​ដោយ​ភាពស្វាហាប់​ចំនួន ៧ ដែល​បង្កើតឡើង និង​គ្រប់គ្រង​ដោយ​សហគ្រិន​វ័យក្មេង បានធ្វើ​បទ​បង្ហាញ​ពី​គំនិត​ធុរកិច្ច​នវានុវត្តន៍​របស់​ពួកគេ ទៅកាន់​អ្នកដឹកនាំ​ធុរកិច្ច និង​វិនិយោគិន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មកពី​ទូទាំង​ពិភពលោក នៅក្នុង​កម្មវិធី​មួយ​ឈ្មោះ BLUETRIBE ដែលជា​កម្មវិធី​បណ្តុះ​គំនិត​ធុរកិច្ច​ថ្មី មាន​លក្ខណៈពិសេស និង​បាន​ដំណើរការ​អស់​រយៈពេល ៦ ខែ​កន្លងមកហើយ​។​

​គំនិត​ផ្តួចផ្តើម Bluetribe បាន​ជួយ​ឱ្យ​ស្ថាបនិក​វ័យក្មេង​កសាង​នូវ​គំនិត​ធុរកិច្ច សម្រាប់​ត្រៀម​ទទួលយក​ការវិនិយោគ​។ ចាប់ផ្តើម​អនុវត្ត​កាលពី​ខែឧសភា ឆ្នាំ​២០២០ គំនិត​ផ្តួចផ្តើម​នេះ​បាន​ទាក់ទាញ​សហគ្រិន​ជាង ៣០០ នាក់ ដែល​បាន​ត្រៀមខ្លួន និង​ដាក់ចិត្ត​ដាក់​កាយ​ប្តេជ្ញាចិត្ត​រយៈពេល​វែង​ចំពោះ​ធុរកិច្ច​ដែល​រួមគ្នា​បង្កើត​ជាមួយនឹង​អ្នកចូលរួម​ផ្សេងទៀត​នៅក្នុង​គំនិត​ផ្តួចផ្តើម​នេះ ហើយ​ដែល​កំពុង​ស្វែងរក​ទុនវិនិយោគ​។ កម្មវិធី Bluetribe អនុវត្ត​ដោយ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហប្រជាជាតិ (UNDP) ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហព័ន្ធរុស្ស៊ី​។​

​លោក គង់ ហុង​លៀង ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក HomeApp ជា​សហគមន៍​អន​ឡាញ ដែលមាន​សមាជិក​ជា​អ្នក​សាងសង់ អ្នក​រចនា​ប្លង់ និង​ពលក​ជំនាញ​អាជីព មានប្រសាសន៍ថា គំនិត​ផ្តួចផ្តើម Bluetribe បាន​លើកកម្ពស់​ស្តង់ដារ សម្រាប់​អ្វីដែល​ខ្ញុំ​ចង់​សម្រេច​ឱ្យបាន​នាពេល​អនាគត សម្រាប់​ធុរកិច្ច​របស់​យើង និង​បាន​បង្រៀន​ខ្ញុំ​នូវ​ជំនាញ​សំខាន់ៗ ដើម្បី​កសាង​គំនិត​ធុរកិច្ច​ដោយ​ជោគជ័យ​។

​ដោយឡែក លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា «​សហគ្រិន​វ័យក្មេង ដែល​ពោរពេញ​ដោយ​គំនិត​នវានុវត្តន៍ និង​ភាពស្វាហាប់ ដូចជា សហគ្រិន​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ គឺជា​សហគ្រិន​គំរូ​ដ៏​ពិតប្រាកដ និង​អាចជួយ​ផ្តល់នូវ​ថាមពល​សម្រាប់​ការអភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ច្រើន​ឆ្នាំ​ទៅមុខទៀត​។​

​គំនិត​ផ្តួចផ្តើម Bluetribe ផ្តោតលើ​និរន្តរភាព និង​ការរីកចម្រើន​នៃ​ធុរកិច្ច​ដែលមាន​លក្ខណៈ​នវានុវត្តន៍ ដើម្បីឱ្យ​ធុរកិច្ច​ទាំងនេះ អាចបង្កើត​ឱកាស​ការងារ​កាន់តែ​ប្រសើរ​សម្រាប់​យុវជន​។​»

​កម្មវិធី​បណ្តុះ​គំនិត​ធុរកិច្ច ដែល​ដំណើរការ​នៅ​ទីតាំង​ធ្វើ​ការងារ​រួមគ្នា​របស់​សហគ្រិន​ខ្មែរ (Khmer Enterprise) បាន​ប្រមូលផ្តុំ​អ្នកដឹកនាំ​ធុរកិច្ច និង​អ្នកផ្តល់​ការប្រឹក្សា ដើម្បី​ជ្រោមជ្រែង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគ្រិន​ក្នុងការ​អភិវឌ្ឍ​ផលិតផល​ឬ​សេវាកម្ម​ដំបូង​របស់ខ្លួន​។ ស្ថាបនិក​ធុរកិច្ច​ទាំងនេះ​បានទទួល​ថវិកា​ទ្រទ្រង់ ការចាប់ផ្តើម​រៀបចំ​ធុរកិច្ច​របស់​ពួកគេ ហើយក៏​បានទទួល​ប្រាក់ឧបត្ថម្ភ​ជីវភាព​តិចតួច​ផងដែរ​។ កម្មវិធី​នេះ គឺជា​កម្មវិធី​សម្រាប់​សហគ្រិន ដែល​ដាក់ចិត្ត​ដាក់​កាយ​កសាង​ធុរកិច្ច សម្រាប់​រយៈពេល​វែង ពោលគឺ​មិនមែន​ត្រឹមតែ​ជា​គម្រោង​ដែល​បញ្ចប់​ទៅក្រោយ​អនុវត្តបាន ៦ ខែ​នោះឡើយ​។ ក្នុង​កម្មវិធី​នេះ មានការ​រៀបចំ​សិក្ខាសាលា​ចំនួន ៣០ និង​កិច្ចប្រជុំ​ចំនួន ១៥ លើក ដោយ​ទីប្រឹក្សា​ក្នុងស្រុក និង​អន្តរជាតិ​។​

​លោក​បណ្ឌិត ឈាង វណ្ណ​មុនិន្ទ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ មានប្រសាសន៍ថា សហគ្រិន​ខែ្មរ​ដែលជា​អង្គភាព​អនុវត្តន៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ជួយ​ជ្រុំ​ជ្រែង​ធុរកិច្ច​ថ្មី​ទាំងនេះ ពី​ដំណាក់កាល​ចាប់​ផ្តើមដំបូង រហូតដល់​ដំណាក់កាល​រីកចម្រើន តាមរយៈ​ការសហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​របស់​យើង​។ យើង​សង្ឃឹមថានឹង​អាច​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ធុរកិច្ច​ទាំងនេះ ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ជោគជ័យ និង​អាច​ពង្រីក​ខ្លួន​បន្ថែមទៀត​។

​នៅពេលដែល​កម្មវិធី​ប​ណ្តុះ​គំនិត​ធុរកិច្ច Bluetribe នេះ​ត្រូវ​បញ្ចប់ កម្មវិធី​និង​ភ្ជាប់​ទំនាក់ទំនង​អ្នកដឹកនាំ​វ័យក្មេង​ទាំងនេះ​ជាមួយ​អតិថិជន ដៃគូ និង​វិនិយោគិន​សក្តានុពល ដើម្បី​ជួយ​ឱ្យ​ធុរកិច្ច​ទាំងនេះ​អាចមាន​ការរីកចម្រើន និង​ឋិត​ឋេ​រ​យូរអង្វែង​នាពេល​អនាគត​។ កូ​វីដ​-១៩ មិន​ត្រឹមតែ​បង្កបញ្ហា​ប្រឈម​ដល់​ធុរកិច្ច​ថ្មី និង​ភាព​ធន់​នៃ​ធុរកិច្ច​ទាំងនេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជម្រុញ​ឱ្យ​កម្មវិធី​របស់​យើង​ត្រូវមាន​ភាពបត់បែន ដើម្បី​ច្បាម​យក​ឱកាស​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រិន ដែល​ចូលរួម​នៅក្នុង​កម្មវិធី Bluetribe នេះ​ជាមួយនឹង​បណ្តាញ​គាំទ្រ​ជាស​កល​៕
​រក្សា​សិទ្ធិ​ដោយ : CEN

×