Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ជប៉ុន បើកសម្ពោធ​ការដាក់​តាំង​បង្ហាញ​ទំនិញ​ថ្មី ទំនិញ​ជប៉ុន ក្រោម​ប្រធានបទ “​ទំនិញ​ល្អ ទំនិញ​ជប៉ុន ២០២១ (Good Goods Japan 2021)

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម​កម្ពុជា អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន JETRO និង​សមាគម​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា បាន​សហការគ្នា​រៀបចំ​បើកសម្ពោធ​ការដាក់​តាំង​បង្ហាញ​ទំនិញ​ថ្មី ទំនិញ​ជប៉ុន ក្រោម​ប្រធានបទ “​ទំនិញ​ល្អ ទំនិញ​ជប៉ុន ២០២១ (Good Goods Japan 2021)”​នៅ​សណ្ឋាគារ Rose Wood ភ្នំពេញ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រួស​ង​ពាណិជ្ជកម្ម ឯកឧត្តម មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក​ឧកញ៉ា លឹម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ងួន ម៉េង​តិច អគ្គនាយក​សភា ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី ម៉ា​រី​សា ហា​រុ​តា ប្រធាន​អង្គការ JETRO ប្រចាំ​នៅ​កម្ពុជា​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ​នឹង​ផ្តល់ឱកាស​ដល់​ពាណិជ្ជករ​កម្ពុជា ដែលមាន​បំណង​ធ្វើ​ធុរកិច្ច​ជាមួយ​ពាណិជ្ជករ​ជប៉ុន បានឃើញ​មុខទំនិញ​ច្រើន​ប្រភេទ និង​បាន​ជួបចរចារ​ដោយផ្ទាល់​បង្កើតជា​វេទិកា​ពាណិជ្ជកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ជប៉ុន សម្រេចបាន​ប្រមាណ ២,០១០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ១,១៣១ លាន​ដុល្លារ និង​នាំចូល មកវិញ​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ជាង ៨៧៩ លាន​ដុល្លារ​។ គិត​ត្រឹម ៦ ខែ​ដើមឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លាន​ដុល្លារ​។ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មានដូចជា ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង គ្រឿង​សង្ហា​រឹម គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ស្បែក​និង​ផលិតផល​ធ្វើ​អំពី​ស្បែក និង​ដែក ។​ល​។ ទំនិញ​ដែល​នាំចូល​ពី​ជប៉ុន​រួមមាន​៖ គ្រឿង​ម៉ាស៊ីន រថយន្ត សាច់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្ហា​រឹម ក្រដាស កប្បាស ក្រណាត់​គ្រប់​ប្រភេទ ផលិតផល​ផ្លា​ស្ទីក សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ ជាដើម​។​
​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ការតាំង​ពិ​ព័ណ៌​នេះ ជា​សញ្ញា​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​បន្ត​ឥត​ឈប់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន និង​ជួយ​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី​។ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន និង សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្តេជ្ញា​ក្នុងការ​លើកស្ទួយ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។ លោក​ឧកញ៉ា លឹម ហេង បាន​គូសបញ្ជាក់ថា សភាពាណិជ្ជកម្ម​កម្ពុជា និង អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន នឹង​បន្ត​ពង្រីក​ភាព​សហការ​ក្នុង​ការរៀបចំ​កម្មវិធី​ក្នុង​វិស័យ​ផ្សេងៗ​ច្រើន​ទៀត​។​

​លោក​ឧកញ៉ា លឹម ហេង បាន​បន្តថា ស្ថាប័ន​ទាំងពីរ​នេះ បាន​ចុះ អណុស្សារណៈ​យោគយល់ ក្នុង​ឆ្នាំ ២០០៥​។ លើសពីនេះ សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា ក៏បាន​ចុះ អនុស្សារណៈ​យោគយល់ ជាមួយនឹង សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​ឆ្នាំ ២០១៨ ដែរ​។ សភាពាណិជ្ជកម្ម​កម្ពុជា បានរៀបចំ​កម្មវិធី​ពាណិជ្ជកម្ម​រួមគ្នា​ជា​រៀងរាល់ឆ្នាំ​។ ថ្មីៗ​នេះ នៅ​ថ្ងៃ ០១ ខែ កញ្ញា ឆ្នាំ ២០២០ យើង​បានរៀបចំ​ជំនួប​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ អន​ឡាញ ដែលមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១៦០ ដើម្បី​ស្វែងរក​កាលានុវត្តភាព​ធុរកិច្ច​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​

​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច រវាង​អាស៊ាន និង ជប៉ុន ជប៉ុន​បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំនួន ៨៧ គម្រោង ក្នុងនោះ ៥៨ គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ​។​

​សូម​ជម្រាបជូន​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨ គម្រោង​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា មាន​ចំនួន​១៣៧ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ២,៤៨៦ លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៩ វិនិយោគ មាន ៦ គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ២៩៩ លាន​ដុល្លារ ក្នុងនេះ គម្រោង​សាងសង់​ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់ ២៨៩.៦​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​២០២០ មាន ១ គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ៧.១៧​លាន​ដុល្លារ ភាគច្រើន គឺ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាវិត នាង​កុក ប៉ោយប៉ែត និង​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។​

​គួរ​បញ្ជាក់ថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុងប្រទេស​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កក់​សម្គាល់​ក្នុង​ប៉ុន្មាន​ទស្សវត្ស​ន៍​មកនេះ​។ ប្រទេស​ជប៉ុន ជា​ដៃគូ​វិនិយោគ​មួយ​ក្នុងចំណោម​ដៃគូ​វិនិយោគ​ធំៗ នៅ​ប្រទេស​កម្ពុជា​។​មាន​ក្រុមហ៊ុន​ជប៉ុន ជាង ១៥០០ ក្រុមហ៊ុន បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ធំ រួមមាន Minebea, AEON, Nippon Express, Denso, J Trust Bank, និង Somitomo​។ បន្ថែម​ពីលើ​ស​នេះ មាន​ភោជនីយដ្ឋាន​ជប៉ុន​ប្រមាណ ៣០០ កំពុងបើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×