ភ្នំពេញ៖ អាជ្ញាធរររាជធានីបានជំរុញអោយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តដាក់ខ្ពស់លើកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរួមនិងការងារជួយសង្គ្រោះផងដែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក លយប្រទីបដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២០តុលា ដើម្បីដាក់ផែនការ សម្រាប់ការការពារសន្តិសុខ និងការបង្កើតគណៈកម្មការ អនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក លយប្រទីប និងការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទឆ្នាំ២០១៧ ។
កិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ទី៤វិច្ឆិកា តាមដងទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បះគ្រប់ទាំង៣ថ្ងៃ។
លោក អភិបាល ក៏បានណែនាំឱ្យមន្ត្រីគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់បំពេញការងាររៀងខ្លួនឱ្យបានល្អបំផុត ដើម្បីឱ្យព្រះរាជពិធីបុណ្យនេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងអធិកអធម និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀតត្រូវដាក់រថយន្តសង្គ្រោះបន្ទាន់និងគ្រូពេទ្យជាប់ជាប្រចាំ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពេលដែលពួកគាត់មានបញ្ហាសុខភាពអ្វីមូយកើតឡើង ដូចជាខ្យល់គរជាដើម។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំជារោងស្នាក់នៅរបស់កីឡាករ កីឡាការិនី ចំណុះទូក ដែលនឹងមកចូលរួមនឹងត្រូវរៀបចំបង្គន់អនាម័យ ប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងឲ្យបានសមរម្យ ដើម្បីឱ្យពួកគាត់បានសម្រាក់គ្រប់គ្រាន់។
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានសេចក្ដីជូនដំណឹងស្ដីពីថ្ងៃឈប់សម្រាក គឺគ្រប់សហគ្រាស គ្រឹះស្ថាន អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល ហើយបើក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ ម្ចាស់នាយកសហគ្រាស ត្រូវសម្របសម្រួលជាកម្មករនិយោជិតឲ្យមានការស្ម័គ្រចិត្តព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប ហើយមានសិទ្ធិទទួលបានូវប្រាក់បំណាច់បន្ថែម៕ ដោយ៖កូឡាប