ភ្នំពេញៈ ការចុះស្រាវជ្រាវស៊ើបអង្កេតករណីលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបក្ខពួក ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ ៣០ម៉ឺនដុល្លារពីជនរងគ្រោះ គឺនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល នៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវរួចរាល់ហើយ និងកំពុងតែធ្វើរបាយការណ៍ដើម្បីដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប៉ុន្តែចំពោះលទ្ធផលយ៉ាងនោះ នៅមិនទាន់បានបង្ហាញនៅឡើយទេ។
នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចុះទៅធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ តាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង។ ការចុះស្រាវជ្រាវនេះ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ CEN ថា “ខ្ញុំកំពុងតែឲ្យគេបិទបញ្ចប់ ដើម្បីនឹងរបាយការណ៍មកខ្ញុំ”។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា អ្នកណាក៏ដោយឲ្យតែប្រព្រឹត្តបទល្មើស គឺមានទោសហើយ បើរកឃើញថា មានភស្តុតាង។
ទាក់ទងករណីនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ចុះធ្វើស្រាវវជ្រាវករណីលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបក្ខពួក ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ ៣០ម៉ឺនដុល្លារពីជនរងគ្រោះ រួមទាំងភាពមិនប្រក្រតីមួយចំនួនទៀត ដែលមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវប្តឹង។
បើយោងតាមរបាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃដាក់ជូនសម្តេចក្រឡាហោម សខេង គឺលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបក្ខពួក មិនអាចគេចផុតច្បាប់បានឡើយ គឺនឹងមានទោសជាក់ជាពុំខាន។
របាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសទេ គឺមានតែអួតអាង បង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្ខពួកបានចាប់បង្ខាំងជនរងគ្រោះជម្រិតទារប្រាក់ចំនួន ២០ម៉ឺនដុល្លារ (ពីររយពាន់ដុល្លារអាមេរិក) និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជាជនជាតិវៀតណាមចំនួន ៣នាក់ និងជនជាតិខ្មែរចំនួន ២នាក់ ជម្រិតទារប្រាក់ ១០ម៉ឺនដុល្លារ (មួយរយពាន់ដុល្លារ) និងបានដកហូតយកខ្សែដៃ និងខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គិល ជាអ្នកបកប្រែ។ លុះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងរបស់ជនរងគ្រោះចំនួន ២នាក់ បានមកប្តឹងតវ៉ាដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ក្នុងគោលបំណងទាមទារឲ្យអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលជានខ្ពស់ខាងលើ និងទាមទារយកសម្ភារដែលបានដកហូតពីជនរងគ្រោះដែលជាអ្នកវិនិយោគិនវៀតណាមត្រឡប់មកវិញ។
ក្រោយពីមានបណ្តឹងតវ៉ា ក៏មានស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវមួយរូប (មិនស្គាល់ឈ្មោះ) បានយកសម្ភារទៅប្រគល់ជូនជនរងគ្រោះវិញដល់រាជធានីភ្នំពេញ។ ករណីនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហោះលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង មកសាកសួរពីដំណើររឿងបង្ខាំងមនុស្សខុសច្បាប់ម្តងរួចមកហើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ