ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការឆ្លើយតបទៅនឹងមតិសាធារណជន ដែលមានការព្រួយបារម្ភ ទៅលើការធ្លាក់ចុះនៃតម្លៃផ្លែស្វាយកែវរមៀត ដែលបងប្អូនប្រជាពលរដ្ឋ ដាំដុះនៅក្នុងប្រទេសកម្ពុជា ។
ថ្មីៗនេះ មានព័ត៌មានមួយចំនួនបានលើកឡើងអំពីបញ្ហាតម្លៃស្វាយកែវរមៀតធ្លាក់ចុះនៅតំបន់មួយចំនួន ដែលធ្វើឱ្យអ្នកដាំដុះស្វាយមានការត្អូញត្អែរអំពីបញ្ហាតម្លៃស្វាយនេះ។ ជាទូទៅ ទាំងនៅក្នុងប្រទេសកម្ពុជា និង បណ្តាប្រទេសទាំងអស់នៅលើពិភពលោក តម្លៃផលិតផលកសិកម្ម រួមទាំងស្វាយផងដែរ មានការប្រែប្រួល ឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការ។
ជាក់ស្តែង ដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាល ប្រមូលផលមានបរិមាណផ្លែស្វាយច្រើន។
ទន្ទឹមគ្នានេះដែរ ក៏មានអ្នកដាំស្វាយមួយចំនួនលក់បានតម្លៃទាប ដោយមូលហេតុថា ផ្លែស្វាយមិនទាន់មានគុណភាពល្អស្របតាមស្តង់ដារ ដូចជាមានទំហំតូច គ្មានសោភ័ណភាព និងមិនទាន់ស្របតាមលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញរបស់ក្រុមហ៊ុនស្របពេលនឹងរដូវកាលចូលឆ្នាំប្រពៃណី namu និងចិន ធ្វើឱ្យពាណិជ្ជករផ្អាកការបញ្ជាទិញ។
ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូម ជម្រាបជូនដំណឹងសាជាថ្មីដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមរួសរាន់ធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយ សម្រាប់នាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាល បច្ចេកទេសក្នុងការបង្កើនផលិតភាពនិងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជា បណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញធ្វើការ កែច្នៃនិងនាំចេញ។
ជាក់ស្តែង ក្នុងគោលដៅជំរុញការនាំផ្លែស្វាយទៅប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ញើជូនកសិដ្ឋានដែលបានចុះបញ្ជីជាកសិដ្ឋានសម្រាប់ការនាំចេញស្វាយ ទៅកាន់ប្រទេសចិនចំនួន២៥កសិដ្ឋាន និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយដែលបានសាង សង់រួចរាល់ចំនួន ៣បន្ថែមទៀតទៅប្រទេសចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ សរុបមក កម្ពុជានឹងមាន កសិដ្ឋានចំនួន៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយបោះផ្លែស្វាយចំនួន០៤ ដែលប្រទេសចិន នឹងពិនិត្យ សម្រេចអនុញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
នាពេលថ្មីៗនេះ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យវឌ្ឍនភាពនៃការបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
ឯកឧត្តមវេង សាខុន បានថ្លែងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណៈស្រស់
និងក្រៀម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា
បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហ.ត
ដោយទទួលទិន្នផលជាមធ្យមចំនួន១៦តោន/ហ.ត/រដូវ ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧តោន។
ក្នុងឆ្នាំ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន១០៧ ៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន៨៥០ ០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។ ដោយឡែក ក្នុងឆ្នាំ២០២១ គិតត្រឹមខែមករា ការនាំចេញផ្លែស្វាយស្រស់មានវិញ្ញាបនបត្រភូតគាមអនាម័យបានចំនួនប្រមាណ ១១ ៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាម អនាម័យចំនួនប្រមាណជា ១៨ ០០០តោន (ប្រភពពីអ្នកប្រមូលទិញ-លក់បន្តឱ្យឈ្មួញនាំចេញ)។
ដោយយោងតាមរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តពិធីសារសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ដែលក្រសួងទទួលបានពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា៖
– ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) ស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
– អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៥៥ ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។
– ដំណាក់កាលទី១: អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន០១ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
– ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ សកម្មភាពទាំងនោះរួមមាន (១)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ ៣)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ (៤)-ចុះអង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និង(៥)-ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពដំណាំស្វាយ។
– ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម បានវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្តកសិកម្មល្អ (GAP) និងចុះបញ្ជីកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិនបានចំនួន ២៥កសិដ្ឋាន ដើម្បីត្រៀមផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមទៀត។
– គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានក្រុមហ៊ុនចំនួន០៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយ និងឃ្លាំងត្រជាក់ដែលក្នុងនោះរួមមាន៖
1. ក្រុមហ៊ុនបឹង កេត ហ្វ្រេស ហ្រ៊ូ្វត ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងតម្លើងម៉ាស៊ីនទឹកក្តៅ (Hot Water Treatment-HWT) ដែលបានសន្យាថានឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
2. ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មាន មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន ចចំហាយទឹកក្តៅ (Vapor Heat Treatment-VHT) ដែលបានសន្យាថានឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០ កន្លងទៅ។
3. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារៈពីប្រទេសចិនមកសាងសង់ ដែលបានសន្យាថានឹងបញ្ចប់នៅដើមឆ្នាំ២០២១។
4. ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ាស៊ីន HWT ដែលមានផែនការបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនចំនួន៦ផ្សេងទៀត ដែលមានផែនការបំពាក់ឧបករណ៍/សម្ភារៈឱ្យបានមុនដំណាច់ឆ្នាំ២០២០នេះ បានផ្អាកបណ្តោះអាសន្ន ដោយសារវិបត្តិជំងឺ COVID 19។ ក្រុមហ៊ុនទាំងនោះរួមមាន៖ (១)-ក្រុមហ៊ុនអង្គរ ហាវេស ឯ.ក (២)-ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ (៣)-ឃីង ដឹមហ្វ្រូត អ៊ិនធើណេសិនណល (៤)-Green Centric Farm Co., Ltd (៥)-អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន (អេជីអាយឌី) និង (៦)-First Bio-Tech Agricultural (Cambodia) Co., Ltd ។
ដោយឡែកនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានកសិកម្ម បានជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុនចំនួន៤ ដែលកំពុងដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មកម្ចាត់ពងរុយចោះផ្លែស្វាយ ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃចុងក្រោយដើម្បីរៀបចំឯកសារបច្ចេកទេសផ្ញើជូនអគ្គរដ្ឋបាលគយចិនពិនិត្យសម្រេច។ លទ្ធផលដែលទទួលពីកិច្ចប្រជុំនេះ មានដូចខាងក្រោមៈ
1. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់ការសាងសង់ម៉ាស៊ីន HWT ជាស្ថាពរ។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្ត្រីជំនាញឃើញថា ការសាងសង់ បានអនុវត្តត្រឹមត្រូវតាមបច្ចេកទេស ហើយក្រុមហ៊ុនអាចទទួលបានការចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មសម្រាប់ផ្ញើជូនទៅ GACC ដើម្បីពិនិត្យសម្រេច។
2. ក្រុមហ៊ុនបឹង កេត ហ្វ្រេស ហ្រ៊ូ្វត ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់ការតម្លើងម៉ាស៊ីន HWT រួចរាល់។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្ត្រីជំនាញឃើញថា ក្រុមហ៊ុននៅមានចំណុចខ្វះខាតបន្តិចបន្តួច (ប្រព័ន្ធប្រព្រឹត្តិកម្មធ្វើឱ្យប៉ះពាល់សម្បកផ្លែស្វាយ) ដែលទាមទារធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវ ទើបទទួលការចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មសម្រាប់ផ្ញើជូនទៅ GACC ។ ក្រុមហ៊ុនបានសន្យាថា នឹងធ្វើការកែសម្រួលតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវនៅសប្តាហ៍នេះ។
3. ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ចប់ការសាងសង់ម៉ាស៊ីន HWT។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្ត្រីជំនាញឃើញថា ក្រុមហ៊ុននៅមានចំណុចខ្វះខាតខ្លះដែលមិនទាន់ឆ្លើយតបទៅនឹងលក្ខណៈបច្ចេកទេស និងពិធីសារ (ការកំណត់សីតុណ្ហភាពទឹកក្តៅមិនទាន់ត្រឹមត្រូវ និងមិនទាន់មានអនាម័យល្អ) ដែលទាមទារឱ្យមានការកែតម្រូវជាមុនសិន។ ភាគីក្រុមហ៊ុនបានសន្យាថានឹងធ្វើការកែសម្រួលនូវចំណុចដែលខ្វះខាតក្នុងរង្វង់ ៣ថ្ងៃខាងមុខនេះឱ្យបានរួចរាល់។
4. ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិនធើណេសិនណល អេហ្គ្រីខលឈ័រ ប្រដាក់ អេន ឡូជីស្ទីក ឯ.ក (អតីត
ឈ្មោះ បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក) មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន VHT។ តាមរយៈការចុះត្រួតពិនិត្យរបស់មន្ត្រីជំនាញឃើញថា ក្រុមហ៊ុនមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ ទាំងការតម្លើងម៉ាស៊ីន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ក្រុមហ៊ុនបានទទួលស្គាល់ថាការសាងសង់មានការយឺតយាវដោយសារបញ្ហាជំងឺកូវីត១៩ ធ្វើឱ្យរាំស្ទះដល់ការដឹកសម្ភារៈ និងការធ្វើដំណើររបស់ជំនាញការ ហើយបានសន្យាថានឹងពន្លឿនការងារសាង់សង់ឱ្យបានលឿនបំផុត រួចរាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះវាយតម្លៃ។
ដើម្បីសម្រេចគោលបំណងនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនឱ្យទាន់រដូវប្រមូលផលខាង
មុខនេះ អង្គប្រជុំក៏បានឯកភាពគ្នាដូចខាងក្រោមៈ
– បន្ទាប់ពីការកែសម្រួលរបស់ក្រុមហ៊ុននូវចំណុចខ្វះខាតឱ្យបានរួចរាល់ក្នុងសប្តាហ៍នេះ អគ្គនាយកដ្ឋានកសិកម្មនឹងរៀបចំឯកសារផ្ញើជូនអគ្គរដ្ឋបាលគយចិនចំនួន០៣ក្រុមហ៊ុនជាមួយគ្នាតែម្តង។
– ដោយឡែក ក្រុមហ៊ុន សាង ដា ជាន ហួយ អ៊ិនធើណេសិនណល អេហ្គ្រីខលឈ័រ ប្រដាក់ អេន ឡូជីស្ទីក ឯ.ក នៅពេលបញ្ចប់ការសាងសង់ម៉ាស៊ីន VHT និងហេដ្ឋារចនាសម្ព័ន្ធគាំទ្ររួចរាល់ អគ្គនាយកដ្ឋានកសិកម្ម នឹងចុះ ពិនិត្យវាយតម្លៃដើម្បីចុះបញ្ចី និងរៀបចំឯកសារផ្ញើជូនអគ្គរដ្ឋបាលគយចិនតាមក្រោយជាបន្តទៀត។
– ដំណាក់កាលទី២: អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងផ្ញើជូនកសិដ្ឋានដែលបានចុះបញ្ជីជាកសិដ្ឋានសម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសចិនចំនួន ២៥កសិដ្ឋាន និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយដែលបានសាងសង់រួចរាល់ចំនួន៣បន្ថែមទៀត ទៅភាគី GACC ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។
– សរុប កម្ពុជានឹងមានកសិដ្ឋាន ចំនួន៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន០៤ ដែលGACC នឹងពិនិត្យ និងវាយតម្លៃសម្រេចក្នុងការអនុញាតនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។
អាស្រ័យដូចបានជម្រាបជូនខាងលើ ឯកឧត្តមវេង សាខុន សូមសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ បានជ្រាប និងបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើឱ្យសម្រេចនូវផែនការនាំស្វាយចេញទៅកាន់ប្រទេសចិន នាពេលខាងមុខដ៏ខ្លីខាងមុខនេះ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ