ភ្នំពេញ៖ គិតមកដល់ពេលនេះ ជាងមួយឆ្នាំហើយ ដែលសាលារាជធានីភ្នំពេញ បានប្រកាសរកក្រុមហ៊ុនប្រមូលសំរាម ដោយឥឡូវនេះ តាមសាលារាជធានីភ្នំពេញ ក្រុមហ៊ុនឯកជន ចំនួន ៣ នឹងធ្វើអាជីវកម្ម ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំង ៣នោះ រួមមាន ក្រុមហ៊ុនស៊ីនទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និងក្រុមហ៊ុន 800 Super/GAEA។
សាលារាជធានីភ្នំពេញ បានអញ្ជើញតំណាងពាក់ព័ន្ធចូលរួម ពិធីប្រគល់-ទទួលកិច្ចសន្យា ស្តីពីការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ បានប្រកាសរកក្រុមហ៊ុនឯកជនអោយចូលរួមដេញថ្លៃតំបន់គ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ដែលនឹងត្រូវបែងចែកជា៣តំបន់ ដើម្បីអោយការគ្រប់គ្រប់កាកសំណល់ក្នុងរាជធានីភ្នំពេញកាន់តែមានប្រសិទ្ធិភាព ដោយក្រុមហ៊ុនចំនួន៣នឹងត្រូវជ្រើសរើស អោយមានគ្រប់គ្រងសំរាមតាមតំបន់នីមួយៗ។ ហើយដាក់ឲ្យក្រុមហ៊ុនឯកជន ដេញថ្លៃ ប្រមូល និងគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន១ មានសិទ្ធិទទួលបានតែ ១តំបន់ប៉ុណ្ណោះ។
សូមជម្រាបផងដែរថា កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចដកសិទ្ធិប្រមូលសំរាម នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុន ស៊ិនទ្រី ដោយដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញជាបណ្តោះអាសន្ន។
ការដកសិទ្ធិពីក្រុមហ៊ុនស៊ីនទ្រី ឈប់ឲ្យប្រមូលសំរាម នៅរាជធានីភ្នំពេញនេះ ដោយសារតែក្រុមហ៊ុនផ្តាច់មុខយូរឆ្នាំមកហើយ មិនអាចគ្រប់គ្រង ប្រមូល និងដឹកជញ្ជូនសំរាមទាន់ពេលវេលា។ ជាមួយនិងការដកហូតសិទ្ធនេះ ប្រជាពលរដ្ឋបានសាទរ ដោយសង្ឃឹមថា ក្រុមហ៊ុនថ្មីមានសមត្ថភាព និងទំនួលខុសត្រូវជាងមុន៕
រក្សាសិទ្ធិដោយ៖CEN