ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ ជាពិសេសការទប់ស្កាត់និងលុបបំបាត់សកម្មភាពគ្រឿងញៀននៅតាមមូលដ្ឋាន បានរួមចំណែកធ្វើឲ្យការអនុវត្តផែនការភូមិឃុំមានសុវត្ថិភាពទទួលបានប្រសិទ្ធិភាពខ្ពស់ និងផ្ដល់ភាពកក់ក្ដៅដល់ការរស់នៅប្រជាជន។ នេះបើយោងតាមប្រសាសន៍ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក។
លោកថ្លែងដូចនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងការផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្ដាល ស្ដីពីសភាពការណ៍ទូទៅនិងការងារបក្សឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ២០២១ ដល់ថ្នាក់ដឹកនាំ មន្ត្រីបក្សស្រុក ឃុំ និង ក្រុមយុវជនគណបក្សទូទាំងស្រុកដែលប្រារព្វធ្វើនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២១។
លោក ជា ចាន់តូ ក៏បានជំរុញឲ្យមានការពង្រីកកសាងកម្លាំងយុវជនដែលជាបន្តវេនផងដែរ ក្នុងនោះត្រូវផ្ដល់អាទិភាពដល់កម្លាំងយុវជនជាស្ត្រី។ ជាមួយនេះដែរ លោកបានក្រើនរំលឹកឲ្យបន្តរួបរួមសាមគ្គីគ្នាថែរក្សាស្ថេរភាពនយោបាយនិងសន្តិភាព និងបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អហើយត្រូវបង្កើនបន្តការប្រុងប្រយត្ន័និងប្រឆាំងដាច់ខាតរាល់ការឧបាយកលណា ដែលប៉ុនប៉ងបំផ្លាញរាល់សមិទ្ធផលដែលប្រជាជននិងរាជរដ្ឋាភបាលបានខិតខំកសាងយ៉ាងលំបាកកន្លងមកនេះ។
លោក ជា ចាន់តូ បានបញ្ជាក់ដែរថា ៖«ទោះយើងមានកម្លាំងបន្តវេននិងមន្ត្រីល្អៗយ៉ាងណាដ៏ដោយ តែបើខ្វះការសាមគ្គីនិងការឯកភាពគ្នានោះ យើងគឺមិនអាចសម្រេចបានដោយជោគជ័យនូវការងារនិងទិសដៅសំខាន់ៗនិងភាពរឹងមាំរបស់គណបក្សបានឡើយ។ ដូចនេះដើម្បីសម្រេចឲ្យបាននូវផែនការនិងទិសដៅចំបងៗរបស់បក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាលឲ្យបានជោគជ័យ នោះកក្តាសំខាន់ដែលត្រូវបន្តយកចិត្តទុកដាក់មុនគេនោះគឺការសាមគ្គីភាព គុណធ៌ម និង វិន័យ។
នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បានស្នើឲ្យមន្ត្រីបក្សតាមមូលដ្ឋានទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ក្នុងទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ពិសេសនៅពេលបុណ្យចូលឆ្នាំចិន វៀតណាមនាខាងមុខនេះឲ្យបានដោយត្រូវអនុវត្តឲ្យបានដាច់ខាតតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែននិងការណែនាំក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ៖CEN