ភ្នំពេញ ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុញ្ញាតឲ្យលោកស្រី Kamei Haruko ប្រធានតំណាង JICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានអះអាងថា នឹងផ្ដល់អាទិភាពទទួលយកក្រុមហ៊ុនសំណង់ របស់ជប៉ុន ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់នៅកម្ពុជា។
ក្នុងជំនួបនេះលោកស្រី Kamei Haruko ប្រធានតំណាង jica ប្រចាំកម្ពុជាបានលើកឡើងថាតាំងពីឆ្នាំ ២០១៧ មកJicaបានរៀបចំវគ្គបណ្ដុះបណ្ដាលជាច្រើនជូនមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ប្រមាណជាង ១៣០០នាក់គាំទ្រដល់ការចុះបញ្ជីដីធ្លី ការចុះបញ្ជីអគារសហកម្មសិទ្ធិនិងគោលនយោបាយជាតិស្ដីពីលំនៅឋាន។
លោកស្រីបន្តថា Jica បានសម្រេចអនុម័តនូវជំនួយ ODA សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបសម្រាប់ការរៀបចំដែនដីនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា(CORS) ដែលមានរយៈពេលអនុវត្តចាប់ពីខែមេសាឆ្នាំ២០២០ ដល់ខែកញ្ញាឆ្នាំ២០២២ និងមានថវិកាសម្រាប់អនុវត្តគម្រោងចំនួន ៧ ៣៥១៤០០ ដុល្លារអាមេរិក ដែលគម្រោងនេះអាចនឹងចាប់ផ្ដើមនៅខែកក្កដាឆ្នាំ ២០២១ ខាងមុខ។ Jica បានសម្រេចអនុម័តនូវជំនួយODA សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការអនុវត្តច្បាប់សំណង់ថ្មីនិងអភិវឌ្ឍន៍វិធីសាស្ត្ររក្សាគុណភាពអគារប្រកបដោយសុវត្ថិភាពនៅក្នុងវិស័យសំណង់ដែលមានរយៈពេលអនុវត្តចាប់ពីខែមិថុនាឆ្នាំ២០២០ ដល់ខែមិថុនាឆ្នាំ ២០២៣ និងអាចចាប់ផ្ដើមអនុវត្តគម្រោងនេះបាននៅដើមឆ្នាំ ២០២១។
លោកស្រីបានឲ្យដឹងថា ក្រៅពីការផ្ដល់ជំនួយហិរញ្ញវត្ថុជូនដល់ព្រះរាជាណាចក្រកម្ពុជា Jica ក៏តែងតែបានផ្ដល់ជំនួយដូចជា ការកសាងធនធានមនុស្ស ការផ្ដល់ជំនួយបច្ចេកទេសនិងការផ្ដល់អាហារូបករណ៍។ ជាមួយនេះលោកស្រី Kamei Haruko ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការត្រឹមត្រូវទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតជាសកលCovid 19ផងដែរ។
ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងអំណរគុណចំពោះលោកស្រី Kamei Haruko ប្រធានតំណាងJicaប្រចាំនៅកម្ពុជា ដែលបានផ្ដល់នូវសច្ចភាពចំពោះកម្ពុជានូវភាពជោគជ័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរាតត្បាតពីជំងឺកូវីដ19។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះឆន្ទៈដ៏មោះមុត របស់ចៃកាដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ពិសេសបានអនុម័តនូវគម្រោងទាំងពីរខាងលើ ដើម្បីចូលរួមសម្រេចនូវគោលដៅរួម របស់រដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានបង្ហាញពីការគាំទ្រដល់ការផ្ដល់ជំនួយ លើការកសាងសមត្ថភាពមន្ត្រី ដែលពិតជាមានសារសំខាន់សម្រាប់ការកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នឹងផ្ដល់អាទិភាពទទួលយកក្រុមហ៊ុនសំណង់ របស់ជប៉ុន ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់នៅកម្ពុជា ស្របតាមច្បាប់ស្ដីពីសំណង់ និងផ្ដល់អាទិភាពសម្រាប់ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ប្រទេសជប៉ុន ជួលការិយាល័យនៅទីស្ដីការថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ